ថៃបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ទ្រង់ទ្រាយធំ ដោយកំណត់គោលដៅចាក់វ៉ាក់សាំងឲ្យបាន១លានដូសក្នុងមួយថ្ងៃ រួមទាំងដូសទីមួយនិង
ដូសទីពីរ ព្រមទាំងដូសជំរុញបន្ថែម។
ជាមួយគ្នានេះដែរ ថៃក៏បាន ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ ១២ឆ្នាំឡើង ដើម្បីបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗ ។ គោលដៅនៃការចាក់វ៉ាក់សាំងគឺដើម្បីបើកទ្វារសេដ្ឋកិច្ច និងដំណើរការទេសចរណ៍ឡើងវិញនៅក្នុងខែតុលាខាងមុខ។
គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៦លានដូស ក្នុងនោះប្រជាជន១៥.៩លាននាក់ (២២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់២ដូស។
បច្ចុប្បន្នថៃនៅមានករណីឆ្លងកូវីដ -១៩ កើនឡើងខ្ពស់នៅឡើយទេ។ ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៩៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥៤៩,២៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,១៤៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៤០៨,៦០២នាក់៕
ដោយ៖ធីរីណា(រូបថត៖THX/TTXVN)