លោក Samir Nasri អតីតខ្សែបម្រើជម្រើសជាតិបារាំងបានប្រកាសកាលពីថ្ងៃអាទិត្យថា លោកបានចូលនិវត្តន៍ជាផ្លូវការពីអាជីពបាល់ទាត់បន្ទាប់ពីប្រកួតអាជីពជាកីឡាករដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០០៤ ។
លោក Nasri មានវ័យ៣៤ឆ្នាំត្រូវបានធ្វើការព្យួរមិនឲ្យលេងដោយសារការរកឃើញសារធាតុញៀនអស់រយៈពេល១៨ខែចាប់ពីឆ្នាំ២០១៨ ដែលជាផ្នែកមួយដែលគាត់និយាយថា បានផ្លាស់ប្តូររបៀបលេងបាល់ទាត់របស់គាត់ហើយ។
អតីតកីឡាករក្លិប Marseille, Arsenal និង Manchester City ដែលអាជីពរបស់គាត់បានបញ្ចប់កាលពីឆ្នាំមុនបន្ទាប់ពីបានសម្រាករយៈពេលខ្លីនៅក្លិប Anderlecht បាននិយាយថា “វាគ្រាន់តែជាការចាក់វីតាមីនពីព្រោះខ្ញុំឈឺ” ។
គាត់ស៊ុតបញ្ចូលទីបាន៥គ្រាប់ឱ្យជម្រើសជាតិបារាំង និងបានបង្ហាញខ្លួនចំនួន៤១ដងចន្លោះឆ្នាំ ២០០៧ និងឆ្នាំ២០១៣។ អតីតកីឡាកររូបនេះធ្លាប់លេងឲ្យក្លិបមួយចំនួនដូចជា ក្លិប Marseille ចន្លោះឆ្នាំ២០០៤ដល់២០០៨ រកបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន១២១ដង។ ក្រោយពីចេញពី Marseilleគាត់បានចូលរួមជាមួយក្លិប Arsenal ចន្លោះឆ្នាំ២០០៨ដល់២០១១ រកបាន១៨គ្រាប់ ក្នុងការបង្ហាញខ្លួន៨៦ដង, លេងឲ្យក្លិប Manchester City ចន្លោះឆ្នាំ២០១១ដល់២០១៧ រកបាន១៨គ្រាប់ ក្នុងការបង្ហាញខ្លួន១២៩ដង។
ក្រៅពីក្លិប៣ខាងលើនេះ កីឡាករ Nasri បន្តលេងឲ្យក្លិប Sevilla ដោយខ្ចីជើង១ឆ្នាំគឺឆ្នាំ២០១៦–២០១៧ រកបាន២គ្រាប់ ក្នុងការបង្ហាញខ្លួន២៣ប្រកួត, បន្តលេងឲ្យក្លិបនៅទួរគី Antalyaspor ចន្លោះឆ្នាំ២០១៧ដល់២០១៨ រកបាន២គ្រាប់ ក្នុង៨ប្រកួត។ នៅឆ្នាំ២០១៩ កីឡាកររូបនេះបានត្រឡប់មកទឹកដីអង់គ្លេសវិញ ដោយបានបង្ហាញខ្លួនឲ្យក្លិប West Ham United បាន៥ប្រកួត រួចក៏បន្តទៅលេងនៅក្លិប Anderlechtដល់ឆ្នាំ២០២០ ដោយបង្ហាញខ្លួនបាន៧ប្រកួត និងរកបាន១គ្រាប់ ហើយក៏ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់តែម្តង ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)