ខេត្តពោធិ៍សាត់ ៖ ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញភូមិសាស្ត្រខេត្តពោធិ៍សាត់ មិនមែនឈើមួយដើម តែព្រៃទាំងមូល! រាជរដ្ឋាភិបាលបានកំណត់ទិសស្លោក «ថែរក្សាឈើឈរ ដើម្បីរកចំណូល» តាមរយៈការលក់ឥណទានកាបូន។ នេះជាការថ្លែងរបស់លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
លោកបានបន្តថា, តាមការវាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ២០១៨ ជាលទ្ធផល បង្ហាញថា ផ្ទៃដីព្រៃឈើមានប្រមាណ ៨.៥១០.៨០៧ហិកតា ស្មើនឹង ៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស ក្នុងនោះផ្ទៃដីស្ថិតក្រោមការការពារនិងអភិរក្សសមត្ថកិច្ចក្រសួងបរិស្ថានមានទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជានិងដៃគូបាន និងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន។ ថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពសម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ នេះគឺជាមោទកភាព មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក៕
ដោយ ៖ សិលា