ព័ត៌មានទាន់ហេតុការណ៍៖

អាណិតណាស់អតីតតារាសិចស៊ី សេង សូណា មានជំងឺកូវីដ-១៩ និងមានជំងឺរួមរិតជាច្រើនទៀត

ចែករំលែក៖

    ភ្នំពេញ៖ ពិតជាធ្វើឲ្យគេភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក្រោយពីអតីតតារាសិចស៊ី កញ្ញា សេង សូណា បានប្រកាសអំពីការធ្លាក់ខ្លួនឈឺជំងឺច្រើនមុខ និងឆ្លងជំងឺកូវីដ-១៩ ថែមទៀតនោះ។ ដំណឹងដ៏ភ្ញាក់ផ្អើលនេះបានធ្វើឡើងបន្ទាប់ពីនាងបានបាត់មុខពីសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលស្ទើរតែធ្វើឲ្យទស្សនិកជនភ្លេចមុខ។ 

គេចាំបានថា ចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ តារាសម្តែង សេង សូណា បានធ្វើឲ្យផ្ទុះកក្រើកផ្អើលអស់មហាជនក្រោយពីនាងបានបញ្ចេញរូបភាពសិចស៊ី និងការសម្តែងក្នុងឈុតស្រើបស្រាលក្នុងភាពយន្ត និងMVបទច្រៀងមួយចំនួនជាបន្តបន្ទាប់ ពិសេសក្នុងភាពយន្តខ្នាតធំរឿង “ហនុមាន ឬឆ្នាំវក “ ដែលល្បីល្បាញខ្លាំងក្នុងអំឡុងឆ្នាំ២០១៤ ដែលក្នុងឈុតមួយនាងនិងតារាសិចស៊ីជាច្រើនទៀតរួមទាំងនាង សាន សុម៉ាលី ដោយសម្តែងក្នុងឈុតស្រើបស្រាលមួយជាមួយតារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីបនោះ។ ចាប់តាំងពីអំឡុង ខែកញ្ញា ឆ្នាំ ២០១៨ តារាសម្តែងសិចស៊ីរូបនេះធ្លាប់ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចដាក់ពិន័យឲ្យផ្អាកការងារសិល្បៈរបស់នាងមួយឆ្នាំពេញ ក្រោមហេតុផលនាងប្រើប្រាស់សម្លៀកបំពាក់ និងឥរិយាបថធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីតាមរយៈការថតភាពយន្ត និងនៅលើបណ្តាញសារព័ត៌មាន ហើយចាប់ពីពេលនោះមកនាងបាត់មុខឈឹងពីវិស័យសិល្បៈ។ ស្រាប់តែពេលនេះនាងបានលេចមុខជាថ្មីជាមួយនឹងដំណឹងដ៏គួរឲ្យអាណិតក្នុងសភាពមួយមិនគួរឲ្យជឿទាំងការបាក់រូបសម្រស់ និងរហូតដាច់ចិត្តស្នើសុំការជួយជំនួយពីទស្សនិកជន បន្ទាប់ពីនាងបានឆ្លងជំងឺកូវីដ-១៩។ 

  ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ ជុំវិញការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែតាមរយៈរូបថតដែលមានបានបញ្ចេញកាលពីប៉ុន្មានថ្ងៃមុននោះបានធ្វើឲ្យគេភ្ញាក់ផ្អើលព្រោះតែមុខមាត់របស់នាងធ្លាក់សម្រស់មិនគួរឲ្យជឿរហូតផ្ទៃមុខទៅជាជាំខ្មៅ ស្លេកស្លាំង ជាមួយនឹងសារថានាងបានឆ្លងជំងឺកូវីដ-១៩ និងមានជំងឺលើសឈាម ទឹកនោមប្រៃ និងខ្សោយបេះដូងជាដើម។ នាងបានបង្ហោះសារភ្ជាប់ដោយរូបថតមួយចំនួនថា« នាងខ្ញុំ សេង សូណា បានឆ្លងកូវីដ និងលើសឈាមទឹកនោមប្រៃ និងខ្សោយបេះដូង និងឡើងខ្លាញ់ឡើងអាស៊ីតមានជំងឺប្រចាំកាយផង ។ មាន ការខ្វះខាតលុយកាក់ជាខ្លាំង សូមបងប្អូនក្នុងសមាគមន៍សិល្បៈ ឯកឧត្តម លោក លោកស្រី ជួយនាងខ្ញុំដោយក្តីមេត្តាផ្តល់ជាប្រាក់កាក់ដើម្បីសម្រួលជីវភាពរបស់នាងខ្ញុំផងទោះ1$2$ក្តីជាទឹកចិត្តរបស់បងប្អូន »។សារនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកដែលធ្លាប់បានស្គាល់នាងកន្លងទៅនិងថ្លែងក្តីអាណិតទៅកាន់តារាស្រីរូបនេះ ដែលមានមនុស្សជាច្រើនយល់ថា ក្រោយពីបាត់ពីការងារសិល្បៈកន្លងទៅនេះនាងអាចនឹងមានជីវភាពល្អប្រសើរ  និងសាងសុភមង្គលជាមួយនឹងបុរសណាម្នាក់បាត់ទៅហើយទើបលែងនឹកនារសិល្បៈ ប៉ុន្តែស្រាប់តែការបង្ហាញនេះធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង។ 

  ទោះជាយ៉ាងណារូបភាពនិងខ្លឹមសារដែលនាងបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុននោះពេលនេះត្រូវបានលប់ចេញពីគណនីរបស់អតីតតារាសម្តែងយេៗរូបនេះបាត់ទៅហើយដោយមិនដឹងអំពីមូលហេតុ ហើយគេមិនដឹងទេថាតើពេលនេះនាងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលណាមួយ ឬមួយក៏ជាសះស្បើយហើយនៅឡើយនោះដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖