ព័ត៌មានទាន់ហេតុការណ៍៖

នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​បើកវគ្គអប់រំផ្សព្វផ្សាយពីចម្ងាយតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ស្តីពីសុវត្ថិភាពចរាចរណ៍​ ពិការភាព និងជំងឺកូវីដ-១៩​

ចែករំលែក៖

ភ្នំពេញ៖ លោក​ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា នាព្រឹកថ្ងៃចន្ទ​ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំផ្សព្វផ្សាយពីចម្ងាយតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ស្តីពីសុវត្ថិភាពចរាចរណ៍​ ពិការភាព និងជំងឺកូវីដ-១៩​ មានរយៈពេល១ព្រឹកជូនដល់ទីប្រឹក្សា​យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៅតាមសាលាគោលដៅចំនួន២៧​ សរុបចំនួន១៣៥នាក់ ។ 

  មានមតិនាឱកាសបេីកវគ្គនោះ លោក​ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អស់លោក​ លោកស្រី​ទីប្រឹក្សាយុវជន​ និងក្មួយៗយុវជនកាកបាទក្រហមទាំងអស់​ ព្រមទាំងបានលេីកឡេីងពីគោលបំណងនៃការបេីកវគ្គនេះ គឺ​ដេីម្បីពង្រឹងនូវសមត្ថភាព​ បង្កេីនចំណេះដឹងបន្ថែមទៀតឲ្យកាន់តែយល់ច្បាស់សម្រាប់ជាមូលដ្ឋានដល់យុវជនកាកបាទក្រហមយេីងទៅលេីការងារសុវត្ថិភាពចរាចរណ៍​ ដោយរួមបញ្ចូលពិការភាព​ ជាពិសេសក្នុងបរិបទជំងឺកូវីដ-១៩​ ។ 

  ជាមួយគ្នានេះ​ លោកនាយក​ក៏បានចែករំលែកនូវបទពិសោធន៍​ និងបានផ្តល់នូវគោលគំនិតសំខាន់ៗមួយចំនួនសម្រាប់ជាទុន​ដល់យុវជនរបស់យេីងយកទៅអនុវត្តដេីម្បីក្លាយជាយុវជនគំរូឈានមុខ​ និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិយេីងទៅអនាគត​ ។​ 

ដោយ​ឡែក​មុននឹងប្រកាសបេីកវគ្គ​នេះដែរ លោកនាយកប្រតិបត្តិសាខាសង្ឃឹមយ៉ាងមុតមាំថា៖ ក្មួយៗយុវជនទាំងអស់នឹងខិតខំត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមពន្យល់បង្ហាត់បង្ហាញដោយចិត្តទុកដាក់ ដើម្បីទទួលបានចំណេះដឹងដ៏មានសារៈប្រយោជន៍នេះ ក្នុងការក្លាយខ្លួនជាយុវជនដែលមានសមត្ថភាព​ និងជាជនបង្គោលសម្រាប់យកទៅអនុវត្ត​ ក៏ដូចជាផ្សព្វផ្សាយបន្ត​ នៅក្នុងសាលារៀន​របស់ខ្លួន​៕

ដោយ​៖សហការី​


ចែករំលែក៖