ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យលួចម៉ូតូ២នាក់និងអ្នកទទួលផលចោរកម្មម្នាក់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់និងអ្នកទទួលផលចោរកម្មម្នាក់ក្នុងករណីចោរលួចម៉ូតូនៅស្រុកស្វាយជ្រំ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២១នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះឈិន លំពង្ស ហៅក្រៅ ប៊ុនឡង អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្រះវង្សសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនិងឈ្មោះជាង ពៅចិត្រ អាយុ៣២ឆ្នាំមានទីលំនៅភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង និងដកហូតបានម៉ូតូចំនួន២គ្រឿង មានម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី២០០៨ ពណ៌ខ្មៅគ្មានស្លាកលេខ និងម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១C.៥៣៥៦។

ចំណែកម្ចាស់ម៉ូតូដែលរងគ្រោះមានឈ្មោះ នង ថុល ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរ កសិកររស់នៅ ភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ។

រីឯជនសង្ស័យដែលទទួលផលចោរកម្មមានឈ្មោះនាង គឹមធីហៅស្មិញភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិឬស្សីព្រៃ ឃុំកំពង់ចំឡងស្រុកស្វាយជ្រំ  ដោយសមត្ថកិច្ចបានចុះទៅធ្វើការឆែកឆេរលំនៅឋានខាងលើ បានដកហូតម៉ូតូចំនួន១៨គ្រឿងចាស់ៗនិងគ្រឿងបន្លាស់មួយចំនួនទៀត។

ប្រភពបន្តថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពេលខ្លួនលួចម៉ូតូបានយកទៅលក់អោយឈ្មោះនាង គឹមធីហៅស្មិញទើបសមត្ថកិច្ច  ឃាត់ខ្លូននិងដកហូតម៉ូតូចំនួន១៨គ្រឿងចាស់ៗនិងគ្រឿងបន្លាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងអ្នកទទួលផលចោរកម្មម្នាក់រួមទាំងវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនិងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖