ខេត្តកំពង់ឆ្នាំង៖ ដោយមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីជីវភាព និងសុខទុក្ខក្នុងការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ជាពិសេសប្រជានុរាស្រ្តចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្រាប់សម្រាលទុក្ខលំបាកជូនប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គចំនួន៤៦៥នាក់ ស្ថិតនៅក្នុងឃុំចំនួន៥នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាវេលាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ម្សិលមិញ ក្នុងឱកាសទិវាមនុស្សចាស់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម,ឃីត១កញ្ចប់(មុង១ ភួយ១ ក្រមា១ សារុង១), ម៉ាស់១០បន្ទះ, មី២កេស, ត្រីខកំប៉ុង១យួរ, អាវយឺតនិងអាវរងាមានស្លាកព្រះរាជអំណោយចំនួន ១ និងថរិកា២០មុឺនរៀល និងគ្រូពេទ្យ ៥នាក់ក្នុងម្នាក់ៗទទួលបានថរិកា១០មុឺនរៀល។
កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ និងសូមចារឹកទុកក្នុងក្រអៅបេះដូងនូវព្រះរាជសកម្មភាពដ៏វិសេសវិសាលនៃអង្គព្រះមហាក្សត្រដែលបានដង្ហែតាមយ៉ាងខ្ពង់ខ្ពស់បំផុតនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ក្នុងការជួយសម្រាលទុក្ខលំបាក និងតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យប្រកបដោយទសពិធរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្រ្តកម្ពុជា៕
ដោយ ៖ សិលា