ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលមួយសប្តាហ៍ មានពលករជាច្រើននាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិរងបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពលករជាច្រើននាក់ រួមទាំងជនបរទេសមួយចំនួន បម្រុងឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលឃាត់បានក្នុងភូមិសាស្ត្រ ស្រុកថ្មពួក និង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ 

បើគិតក្នុងមួយសប្តាហ៍នេះ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនពលករ ចំនួន ៤៩នាក់ ក្នុងនោះមានជនជាតិចិន ចំនួន ៤នាក់ ផងដែល បម្រុងឆ្លងដែលទៅប្រទេសថៃ និងបានឃាត់ខ្លួនដើម្បីសាកសួរនាំ និងបញ្ជូនបន្តទៅធ្វើចត្តាឡីស័ក ចំណែកអ្នកនាំផ្លូវត្រូវបញ្ជូនទៅ មូលដ្ឋានកងរាជអាវុធហត្ថចាក់ការតាមនីតិវីធីច្បាប់ ។

ជាក់ស្តែង យប់ថ្ងៃទី១ ឈានចូល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ពលករចំនួន ១៨នាក់ បម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយបានសហការជាមួយ ប៉ូលិសការពារព្រំដែនគោកលេខ៨១៥។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានទទូចស្នើសុំបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានទាំងអស់គ្នា ដើម្បីគ្រួសារនិងសង្គមជាតិ៕

ដោយ៖ ស សម


ចែករំលែក៖