ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីន នឹងត្រូវធ្វើឡើងនៅក្នុងខែឧសភាឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍បោះឆ្នោត ដែលគេចាប់អារម្មណ៍បំផុត ដោយសារតែ លោក ប៉ាកគីអាវ ជាបុគ្គលល្បីល្បាញនៅលើពិភពលោក។
អតីតកីឡាករប្រដាលសកល បានប្រកាសថា «អាទិភាពរបស់ខ្ញុំគឺដោះស្រាយវិបត្តិ កូវីដ-១៩ និងដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ។ លោក ប៉ាកគីអាវ បានប្រកាសទៅកាន់ក្រុមអ្នកគាំទ្រលោកដែលកំពុងតែស្រែកថា ឆ្ពោះទៅមុខ Pacman ថា លោកមិនខ្វល់ពីលទ្ធផលស្ទង់មតិនោះឡើយ ដោយសារតែ តាមលទ្ធផលស្ទង់មតិ លោក ប៉ាកគីអាវទទួលបានការគាំទ្រ ស្ថិតនៅក្នុងលំដាប់ទី៤តែប៉ុណ្ណោះ ។ លោក ប៉ាកគីអាវ បានលើកឡើងថា«សំឡេងរបស់អ្នកក្រ មិនត្រូវបានគេស្តាប់នោះឡើយ»។
ជាមួយគ្នានេះដែរ កូនស្រីរបស់លោកប្រធានាធិបតីហ្វលីពី គឺលោកស្រី Sara Duterte-Carpio រហៅថា Sara-Go នឹងឈរឈ្មោះចូលរួមប្រជែងយកតំណែងជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ខាងមុខ។
បច្ចុប្បន្ន លោកស្រី Sara-Go ជាអភិបាលទីក្រុង Davao ដែលជាទីក្រុងធំលំដាប់ទី ៣ របស់ហ្វីលីពីន។ តែកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ មានសេចក្ដីរាយការណ៍ថា លោកស្រីបានដាក់ពាក្យប្រជែងយកតំណែងជាអភិបាលក្រុង Davao។ ទោះជាយ៉ាងណា លោកស្រី Sara-Go ផ្ទាល់មិនទាន់ធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍របស់ សារព័ត៌មាន ABS-CBN នៅឡើយទេ។
ចំណែកលោក ឌូតឺតេ បានប្រកាសជាផ្លូវការថា រូបលោកនឹងមិនឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២នោះឡើយ ហើយលោកនឹងចូលនិវត្តន៍ពីវិស័យនយោបាយ។ លោក ឌូតឺតេ បានបកស្រាយថា ការសម្រេចចិត្តរបស់លោកបែបនេះ គឺឆ្លើយតបចំពោះការចង់បានរបស់សាធារណជន៕ដោយ៖ធីរីណា
ប្រភពរូបថត៖Reuters.