ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុស​អាយុ៥ឆ្នាំម្នាក់​រត់ឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់នឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​ ក្មេង​ប្រុស​ម្នាក់​ខណៈ​រត់​ឆ្លងផ្លូវត្រូវ​បាន​រថយន្ត​មួយគ្រឿងបុក​បណ្តាល​ឲ្យ​ស្លាប់​ ​កាលពីវេលា​ម៉ោង​១៤​និង​២០នាទីថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០២១​  នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​ ចំណុច​ភូមិ​គោក​ចាស់​ ឃុំ​ស្រែ​ខ្វាវ​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​ ។​

​សមត្ថកិច្ច​នគរបាលចរាចរណ៍ស្រុកអង្គជុំបាន​ឲ្យ​ដឹង​ រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ី​យាន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ សៀមរាប​ 3A-3201​បើកបរ​ដោយ​ឈ្មោះ​ វ៉ឹ​ង​ វ៉ា​ត់​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្នាយ​ល្អ​ ឃុំ​ទឹកជោរ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​ ទៅ​កើត​។

លុះមកដល់កន្លែងកើតហេតុរថយន្តនេះបាន​ជ្រុល​បុក​ក្មេង​រងគ្រោះកំពុងរត់​ឆ្លងផ្លូវ​ឈ្មោះ​ រឿ​ត​ សុភា​ ភេទ​ប្រុស​ អាយុ​៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គោក​ចាស់​ ឃុំ​ស្រែ​ខ្វាវ​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​ បណ្តាលឲ្យស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​ ។​

សមត្ថកិច្ច​ជំនាញ​បានឲ្យដឹង​ថា​​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​ក្មេង​រត់​ឆ្លងផ្លូវ​​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ទើបបង្កគ្រោះថ្នាក់បែបនេះ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​វាស់វែង​ ធ្វើ​កំណត់ហេតុ​ និង​ឃាត់ខ្លួន​អ្នកបើកបរ​ រួម​ទាំង​វត្ថុ​តាង​យក​មក​អធិការដ្ឋាន​ស្រុក​អង្គរជុំ​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ។​ ចំណែក​សាកសព​ក្មេង​រង​គ្រោះ​ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅគេហដ្ឋាន ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖