ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិដែលយាងសោយព្រះទិវង្គតគម្រប់ខួប៩ឆ្នាំ

ចែករំលែក៖

 

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនៃប្រជារាស្ត្រខ្មែរ ដែលព្រះអង្គបានយាងសោយទិវង្គតគម្រប់ខួប៩ឆ្នាំហើយ។ 

ពិធីប្រារព្ធបានធ្វើឡើងនៅសាលាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួម ពីលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម កាន អភិបាលខេត្ត រួមទាំងមន្ត្រីក្រោមឱវាទ។

លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ការប្រារព្ធពិធីនេះឡើងគឺដើម្បីបង្ហាញនូវការគោរពស្រឡាញ់ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ 

ការសង្រួមកាយវាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដោយមានវត្តមានរបស់អស់លោក លោកស្រីជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការគ្រប់ស្ថាប័ននានាក្នុងខេត្ត រួមនិឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តនាពេលនេះគឺជាការគោរពព្រះវិញ្ញាណក្ខន្ធ រំលឹកថ្វាយចំពោះព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងការរំលឹកនូវព្រះគុណូបការៈរបស់ព្រះអង្គដែលបានបន្សល់ទុកនូវស្នាព្រះហស្តនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាពិសេសនោះគឺជោគជ័យនៃកម្ពុជាក្នុងការដណ្តើមយក ឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេសនាឆ្នាំ១៩៥១ និងការទាមទារប្រាសាទព្រះវិហារខ្មែរមកវិញពីសំណាក់សៀមឈ្លានពាននាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនទៀតរបស់ព្រះអង្គផងដែរ។ 

លោកប្រធានក្រុមប្រឹក្សាខេត្ត តាងនាមឲ្យលោកអភិបាលខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី សូមធ្វើគារវកិច្ចចំពោះព្រះគុណូបការៈដ៏ធំធេងដែលបានមកពីស្នាព្រះហស្តរបស់អង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្តនិងក្នុងនាមប្រជានុរាស្ត្ររបស់ព្រះអង្គពិតជាចងចាំនិងដឹងព្រះគុណមិនភ្លេចនោះទេ ហើយសន្យាចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គថានឹងខិតខំថែរក្សាកេរដំណែលនេះមិនឱ្យបាត់បង់សោះឡើយ៕

                                   

ដោយ ៖ ជីវន្ត


ចែករំលែក៖