ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលវរសេនាតូចការពារព្រំដែន ឃាត់ខ្លួនពលករប្រុសស្រី១៣នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលករចំនួន១៣នាក់បានចាញ់បោកមេខ្យល់ដឹកទៅប្លុងចោលក្នុងចម្ការដំឡូងមីមូយកន្លែង យកថ្លៃឈ្នួលឆ្លងដែនទៅប្រទេសថៃម្នាក់៦,០០០បាត មិនបានសម្រេច ក៏ត្រូវកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ល្បាតប្រទះឃើញ និងធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ នៅចំណុចខាងកើតផ្លូវលេខ៥៨ក្រវ៉ាត់ព្រំដែន ប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្រ្តភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក  រួចបញ្ជូនឲ្យនគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត ។

លោក ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ពលករខ្មែរទាំង១៣នាក់ ក្នុងនោះស្រី០៥នាក់និងកុមារ០១នាក់ រស់នៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ ។

 បើយោងតាមការបំភ្លឺរបស់ពលករទាំង១៣នាក់ប្រាប់ថា ពួកខ្លួនពិតជាមានបំណងចង់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃមែន ហើយបានទាក់ទងបងប្អូនដែលធ្វើការនៅប្រទេសថៃដើម្បីទៅរកការងាធ្វើ បន្ទាប់មកពួកខ្លួនក៏បានទាក់ទងមេខ្យល់(មិនស្គាល់មុខ) ដោយគេយកថ្លៃឈ្នួលក្នុងម្នាក់៦,០០០បាត ក្រោយមកមេខ្យល់បានឲ្យរថយន្តម៉ាកទូរីសពណ៌ស១២កៅអី មិនចាំស្លាកលេខ ទៅយកពួកខ្លួននៅផ្ទះ ពេលធ្វើដំណើរដល់ទីរួមស្រុកថ្មពួក ម្ចាស់រថយន្តនោះបានសុំលុយពួកខ្លួនម្នាក់១,៥០០បាត  ប្រាប់ថាយកឲ្យថ្លៃអ្នកជូនផ្លូវឆ្លងដែន។ ក្រោយពីយកលុយរួចម្ចាស់រថយន្ត បានឲ្យរថយន្តចំនួន០២គ្រឿងទៀតម៉ាកនីសាន់មួយគ្រឿងពណ៌ត្រេអុី(ឡានទាហាន)០១ និង០១គ្រឿងទៀត ម៉ាកកាមេរី ពុំចាំស្លាកលេខ មកសាងដឹកបន្តទៅ ច្រកបឹងត្រកួន ហើយបានដឹកទៅលាក់ទុកក្នុងចម្ការដំឡូងមីមួយកន្លែងឲ្យរង់ចាំមេខ្យល់មកយក។

ដោយនៅចាំមេខ្យល់យូរពេកមិនឃើញមានអ្នកមកទទួល ម្យ៉ាងមេឃភ្លៀងផងនោះពួកខ្លួនក៏បាននាំគ្នាចេញមកលើផ្លូវក៏ត្រូវសមត្ថកិច្ចឃាត់សួរនាំតែម្តង។

លោកបញ្ជាក់ថា៖បន្ទាប់ពីធ្វើការអប់រំ ណែនាំពួកគាត់ឲ្យឈប់ចាញ់បោកមេខ្យល់ដែលនាំឲ្យខាតបង់ប្រាក់ ព្រោះបច្ចុប្បន្នទាំងប្រទេសថៃនិងកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់ឆ្លងដែនខុសច្បាប់។

បងប្អូនកំពុងបានចាញ់បោកមេខ្យល់ ធ្វើឲ្យខាតបង់ទាំងថវិកានិងពេលវេលាទៀត ។ក្រោយពីបានធ្វើការអប់រំនិងកិច្ចសន្យារួច ពលករទាំងនោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ 

ដោយ ៖ វណ្ណា


ចែករំលែក៖