អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ាបានប្រកាសឱ្យដឹងថា ពួកគេនឹងមិនអនុញ្ញាតឲ្យឧបការីអាស៊ានមកធ្វើទស្សនកិច្ចប្រទេសនេះ ហើយមិនអនុញ្ញាតឱ្យជួប អតីតមេដឹកនាំគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យលោកស្រីស៊ូជីនោះឡើយ។ បច្ចុប្បន្នលោកស្រីស៊ូជីត្រូវបានឃុំខ្លួនដោយចោទប្រកាន់ទោសជាច្រើន ។
អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា លោក Zau Min Tun បានឱ្យដឹងថា ការណ៍ដែលអង្គការសហប្រជាជាតិយឺតយ៉ាវក្នុងការអនុម័តឯកអគ្គរដ្ឋទូតរបស់រដ្ឋាភិបាលយោធា គឺមានសកម្មភាពនយោបាយ។ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាបានបង្ហាញឯកសារសង្ខេបកាលពីថ្ងៃទី១៤ខែតុលា ក្នុងពេលដែលអន្តរជាតិបង្កើនការដាក់គំនាបទៅលើរដ្ឋាភិបាលយោធាឱ្យអនុវត្តគម្រោងសន្តិភាព៥ចំណុចដែលប្រមុខដឹកនាំយោធា Min Aung Hliang បានយល់ព្រមជាមួយអាស៊ានកាលពីខែមេសា។
មីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយ សេដ្ឋកិច្ច ជាមួយនឹងបាតុកម្មអូសបន្លាយចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១។ ឧបការីអាស៊ាន លោក Erywan Yusof បានឱ្យដឹងថា ការដែលរដ្ឋាភិបាលយោធាមិនសហការជាមួយនឹងគម្រោងរបស់អាស៊ាន គឺជាការប្រឆាំង ហើយសមាជិកមួយចំនួននៅក្នុងតំបន់អាស៊ានបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងខណៈកិច្ចប្រជុំកំពូលជិតមកដល់។
អ្នកនាំពាក្យកម្លាំងយោធា មីយ៉ាន់ម៉ាបញ្ជាក់ថា ប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះគឺមានតម្លាភាពឯករាជ្យភាព ហើយនិងដោះស្រាយករណីរបស់លោកស្រីស៊ូជី តាមច្បាប់។ យោធាបញ្ជាក់ថានឹងមិនអនុញ្ញាតឱ្យឧបការីអាស៊ានជួបផ្ទាល់ជាមួយលោកស្រីស៊ូជីនោះឡើយ៕ ដោយ៖ធីរីណា
រូបថត៖Getty