ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៣នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុនិង៣នាក់ទៀតបានរងរបួសត្រូវបានគេបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យពេទ្យគណៈមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកធុនត្រាបានបើកយ៉ាងលឿនបុករះតាមដងផ្លូវវេងស្រេង។
ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ ។សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថាមនុស្សប្រុសស្រីចំនួន៣នាក់បានស្លាប់នៅតាមចិញ្ចើមផ្លូវ នៅនឹងកន្លែងកើតហេតុនិងមនុស្សប្រុសស្រី៣នាក់ទៀតបាន រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តធុនត្រាមួយគ្រឿងក្នុងល្បឿនលឿនដូចហោះបានរេចង្កូតបុករះ នៅខាងលិចសួនឧស្សាហកម្មកាណាឌីយ៉ា ប្រមាណ៥០ម៉ែត្រតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សពជនរងគ្រោះទាំងបីនាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួនបីនាក់ទៀត មិនស្គាល់អត្តសញ្ញាណនៅឡើយ។
មុនកើតហេតុគេឃើញប្រុសម្នាក់រួមដំណើរនឹងបុរស ម្នាក់ទៀតបើករថយន្ដធុនត្រា ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AG-7060 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីត្បូងទៅជើងបានប៉ះម៉ូតូមួយគ្រឿងរងការខូចខាតតិចតួចតែមិនព្រមឈប់ដោះស្រាយនោះទេ ហើយបានព្យាយាមបើករត់ទៅផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុខាងលើ ខណៈមេឃកំពុងធ្លាក់ភ្លៀងផង បានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវបុករះម៉ូតូ រទេះលក់សាច់គោះដុត និងផ្ទះប្រជាពលរដ្ឋក៏ដូចជាស្លាកសញ្ញាចរាចរណ៍បណ្ដាលឲ្យដួលនិងបែកបាក់រាយពេញផ្លូវ និងសម្ភារមួយចំនួនទៀតរងការខូចខាត ។ចំណែកមនុស្សប្រុសស្រី៦ នាក់ដែរកំពុងឈរនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រី៣ នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ។ចំណែក ប្រុសស្រី៣ នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ភ្លាមនោះម្ចាស់រថយន្តបង្កនិងអ្នករួមដំណើរបាននាំគ្នារត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការចាប់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ច រួចបញ្ជូនទៅអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យភ្លាមៗ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សម