ខេត្តស្ទឹងត្រែង៖ តាមរយៈនៃការធ្លាក់ភ្លៀងជាបន្តបន្ទាប់គ្នា គ្របដណ្តប់ទៅដោយទឹកភ្លៀងរាយប៉ាយនៅទូទាំងខេត្តស្ទឹងត្រែង ជោកជាំលាយឡំជាមួយខ្យល់ព្យុះ បានបង្កឱ្យខេត្តមួយនេះរងនូវផលប៉ះពាល់មួយចំនួនដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន រួមទាំងផលដំណាំរបស់ពលរដ្ឋផងដែរ។
ជាក់ស្តែងតាមការផ្តល់ព័ត៌មានជាបឋមតាមរយៈប្រព័ន្ធតេឡេក្រាម របស់លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានឱ្យដឹងថា ភូមិស្វាយរៀង ឃុំតាឡាត ក្នុងស្រុកសេសានបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង លិចផ្លូវ លិចស្រែនិងផលដំណាំដទៃទៀត ដែលពេលនេះអាជ្ញាធរមិនទាន់វាយតម្លៃនៃការខូចខាតនៅឡើយ ដោយជំនន់ទឹកភ្លៀងធ្វើឲ្យទឹកទន្លេសេកុង និងសេសានកើនឡើងចូលតាមអូរនិងដៃអូរមួយចំនួន។
លោកអភិបាលស្រុកសេសាន សុវណ្ណ ពិសេដ្ឋ បានទទូចដល់មន្ត្រីរបស់ខ្លួនសូមបង្កើនការប្រុងប្រយ័ត្ន ហើយរដ្ឋបាលឃុំត្រូវរៀបចំត្រួតពិនិត្យគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីត្រៀម
លក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលា និងបង្កើនការយកចិត្តទុកដាក់តាមដានត្រួតពិនិត្យ និងរាយការណ៍ជាប្រចាំ ។លោកបានដាស់តឿនដល់មន្ត្រីរបស់ខ្លួន និងតាមដានគ្រប់ពេលក្នុងគ្រាដែលប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងស្រុកសេសានមានវិបត្តិ។
លោកបន្តថា ប្រសិនបើមានការជន់លិចនិងរងផលប៉ះពាល់យ៉ាងណាលោកនឹងចុះជួយជាបន្ទាន់។លោកបានបន្ថែមថា បើបងប្អូនយើងត្រូវការកម្លាំងជួយច្រូតស្រូវ សូមបងប្អូនជួយផ្ដល់ព័ត៌មានមកយើងខ្ញុំៗនឹងដឹកនាំកម្លាំងចុះជួយច្រូតស្រូវឱ្យទាន់កុំឱ្យមានការខូចបង់ពេលមានទឹកជំនន់៕
ដោយ៖ មាស សុផាត