ព័ត៌មានទាន់ហេតុការណ៍៖

អង្គការ AHF អំពាវនាវដល់មេដឹកនាំប្រទេស G20​ ជួយបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដល់បណ្ដាប្រទេសក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ ខណៈប្រទេសក្រីក្រជាច្រើននៅលើសកលលោក​ មិនទាន់បានចាក់វ៉ាក់សាំងបានច្រើននៅឡើយនោះ​​ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF​ បានបន្តអំពាវនាវដល់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន( G20) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រីទាំងនោះ។ 

ចំពោះ​ការអំពាវនាវបែបនេះ​ បានធ្វើឡើងនៅថ្ងៃទី២០​ ខែតុលា​ ឆ្នាំ​២០២១នេះតាមរយៈយុទ្ធនាការទាមទារឱ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជា​ ដើម្បីជាការត្រៀមក្នុងការក្នុងការតស៊ូមតិចុងក្រោយមួយ នៅមុនកិច្ចប្រជុំកំពូល G20 នៅចុងខែ តុលានេះ ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែង ជំរុញឱ្យមេដឹកនាំ នៃបណ្ដាប្រទេសអ្នកមាននៅលើពិភពលោក ធានាឱ្យបាននូវសិទ្ធិទទួលបានវ៉ាក់សាំងបង្ការ COVID-19 ជាសកលតាមរយៈការផ្ញើលិខិត ទៅកាន់បណ្ដាស្ថានទូតនៃប្រទេស G20 ផងដែរ។

សកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍មួយផ្នែកតូចរបស់ VOW ដែលវាផ្តោតសំខាន់លើប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុង ក្រោយ នេះ នៅមុនកិច្ចប្រជុំកំពូល G20។ AHF ក៏បានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដែលជាមធ្យោបាយចម្បងក្នុងការដោះស្រាយ ជំងឺរាតត្បាត និងការធ្វើ សេចក្តីព្រាង អនុសញ្ញាសុខភាពសាធារណៈសកលថ្មីមួយ សំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភាពទូទាំងពិភពលោក ឱ្យមានសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការផ្ទុះឡើងនាពេលអនាគត។

បេី​តាមនាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងដែរថា៖ មេដឹកនាំមកពីប្រទេស G20 ត្រូវតែប្តេជ្ញាចិត្តចំពោះសកម្មភាពពិតប្រាកដ នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីធានាថាគ្រប់ប្រទេសមិនថា ទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ច យ៉ាងណានោះទេ គឺត្រូវតែមានវ៉ាក់សាំង ដើម្បីការពារប្រជាពលរដ្ឋ និងបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះទេ។

លោកនាយកប្រចាំតំបន់អាស៊ីរូបនេះ​ បានបន្តថា ត្រូវចាប់ផ្តើមដោយធានាថា ក្រុមហ៊ុនផលិតវ៉ាក់សាំង ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាឧបត្ថម្ភ ដល់អ្នកជាប់ពន្ធ ដើម្បីជំរុញផលិតកម្មវ៉ាក់សាំង ឱ្យបានទូទាំងពិភពលោក។ ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, ដើម្បីរួមគ្នាទាមទារឱ្យមានការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក។

ដោយ​ឡែក​លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីរបស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍នៅកម្ពុជាបានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19ហើយភាគច្រើនបានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេសអ្នកមាន។ ជំងឺ COVID-19នៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក, អាមេរិកឡាទីន និងនៅជុំវិញពិភពលោក ហើយនេះក៏ដោយសារតែកង្វះខាតវិធានការ នោះគឺការខ្វះខាតវ៉ាក់សាំងសង្រ្គោះជីវិតមនុស្ស។​ បន្ថែមពីនេះ​ លោកស្រីវេជ្ជបណ្ឌិត​ បានបញ្ជាក់បន្ថែមថា ខណៈកម្ពុជា​ សម្រេចបាននូវអាត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ បណ្ដាប្រទេសដទៃ នៅតែបន្តរងការឈឺចាប់ដោយសារCOVID-19នៅឡើយ។ 

សូមជម្រាបថា​ ជាក់ស្ដែងមានតែ ៧ភាគរយនៃប្រជាជនអាហ្វ្រិក ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19ហើយបណ្ដាប្រទេសមានប្រាក់ចំណូលទាបមានតែប្រជាជន ២.៥ ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១។ ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញឱ្យបណ្ដាប្រទេសG20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានា ឱ្យបាននូវការចាក់វ៉ាក់សាំងឱ្យពិភពលោកទាំងមូល។

គួរបញ្ជាក់ថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជន ជាង ១,៦ លាននាក់នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោក នៅសហរដ្ឋអាមេរិកអាហ្វ្រិកអាមេរិកឡាទីន/ការ៉ាអ៊ីប តំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប៕

ដោយ​៖សហការី​


ចែករំលែក៖