ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយប្រកាសពីការបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តទាំងអស់។
បន្ទាប់ពីការវាយតម្លៃលើដំណើរការបង្រៀននិងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាប ក្រសួងបានសង្កេតឃើញថា៖
១)គ្រឹះស្ថានសិក្សាប្រមាណ ៣០ ភាគរយបានចាប់ដំណើរការតាមគ្រប់រូបភាព ស្របតាមសេចក្ដីណែនាំ,
២)ការចូលរួមតាមគ្រប់រូបភាពពីសំណាក់ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាដំណើរការអប់រំប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន, ៣)ការបើកដំណើរការ គ្រឹះស្ថានសិក្សាបានផ្ដល់លទ្ធភាពឱ្យយើងអាចធ្វើតេស្ត និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ទាំងលើបុគ្គលិកអប់រំ និងសិស្សានុសិស្សមួយចំនួនតូច ហើយបានចាត់ចែងព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ កាត់ផ្ដាច់ការឆ្លងរាល ដាលបានល្អប្រសើរ,
៤)ករណីវិជ្ជមានកូវីដ-១៩ លើគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យ ភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម៉្យាងវិញទៀត មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស និស្សិតបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងអត្រាខ្ពស់។
ឈរលើមូលដ្ឋាននេះ ដើម្បីឈានទៅដំណើរការអប់រំតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងនឹងពង្រីកវិសាលភាពនៃការបង្រៀននិងរៀនតាមបណ្ដុំសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានី ខេត្តទាំងអស់។ ការពង្រីក វិសាលភាពនេះ រួមបញ្ចូលទាំងការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា, គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន, វិទ្យាស្ថានជាតិ អប់រំ, វិទ្យាស្ថានបច្ចេកវិទ្យា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ,គ្រឹះស្ថានសិក្សាអប់រំពិសេស, សាលាអនុវត្តន៍ និង វិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសុខាភិបាលជាធរមាន។
យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសូមធ្វើការណែនាំនូវគោលការណ៍សំខាន់ៗស្តីពី ការបង្រៀននិងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត នៅភូមិសាស្ត្រដែលហានិភ័យនៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន ដូចខាងក្រោម៖
សូមអាននូវសេចក្តីជូនដំណឹង របស់ក្រសួងអប់រំយុវជននិងកីឡា ទាំងស្រុង ៕
ដោយ ៖ សិលា