ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១នេះថា៖ ប្រទេសកម្ពុជា គឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយងយក្សដែលជាប្រភេទសត្វដែលរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។ មិនតែប៉ុណ្ណោះកម្ពុជា មានមោទកភាពដែលមានសត្វកម្រនេះហើយចាំបាច់យើងទាំងអស់ គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបាន គង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតដើម្បី ផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា យោងតាមការសិក្សា នៅកម្ពុជា មានត្រយ៉ងយក្សចំនួនប្រមាណជាង ៣០០ក្បាល ស្មើនឹង ៩៩% នៃសត្វត្រយ៉ងយក្សរបស់ពិភពលោក ក្នុងនោះសត្វត្រយ៉ងយក្សពេញវ័យមានប្រមាណ ២០០ក្បាល។ ជាមួយកម្មវិធីថែរក្សាសំបុកសត្វ កម្រៗនានាគាំទ្រដោយអង្គការដៃគូ នៅឆ្នាំ២០២១ នេះ សំបុកពងកូនរបស់សត្វត្រយ៉ងយក្សជាច្រើនក្នុងតំបន់ការពារធម្មជាតិ ត្រូវបានរកឃើញ និងថែរក្សាដើម្បីឱ្យពងញាស់ និងកូនសត្វត្រយ៉ងលូតលាស់ ធំធាត់រហូតអាចហើររកស៊ីដោយខ្លួនឯង។ ប្រទេសកម្ពុជាជាប្រទេសទី១ ដែលបានផ្តល់រូបថតប្រភេទសត្វត្រយ៉ងយក្សនេះក្នុងធម្មជាតិមុនគេលើពិភពលោក។
គួរបញ្ជាក់ថា សត្វត្រយ៉ងយក្សត្រូវបានរាជរដ្ឋាភិបាលកំណត់ថាជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាតាមព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥៕
ដោយ៖សហការី