ភ្នំពេញ ៖ នៅសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកា ឃុំខ្លួនមន្រ្តីកងទ័ពជើង អាកាស ប្រចាំនៅព្រលានយន្តហោះកេងកង នៅខេត្តព្រះសីហនុ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន តាមការចោទប្រកាន់ពី បទ គំរាមកំហែងថា នឹងសម្លាប់, បទឆបោក និងបទ រំលោភលើ ទំនុកចិត្ត ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អេង អូន ភេទប្រុស អាយុ៤២ឆ្នាំ មាន ទីលំនៅភូមិ-ឃុំស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានមុខរបរជាមន្រ្តី កងទ័ពជើងអាកាស ប្រចាំនៅព្រលានយន្តហោះកេងកង ខេត្តព្រះ សីហនុ ។
សូមបញ្ជាក់ថា បន្ទាប់ពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យលុះវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ នគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធលើបណ្ដឹងចំនួន ៣ បទល្មើស ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អេង អូន បាន ប្រព្រឹត្តអំពើគំរាមកំហែងថា នឹងសម្លាប់, ឆបោក និងរំលោភលើ ទំនុកចិត្ត នៅខេត្តកំពត ខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ និង២០២១ ដែលជនត្រូវចោទ មិនព្រម ចូលបង្ហាញខ្លួនតាមបញ្ជា នៃដីកាបង្គាប់ឲ្យចូលខ្លួននោះទេ ហេតុ ដូច្នេះតុលាការ គប្បីសម្រេចឲ្យនាំខ្លួនជនជាប់ចោទឈ្មោះ អេង អូន ដើម្បីបំពេញកិច្ចការស៊ើបសួរតាមនីតិវិធី ។
ជនសង្ស័យត្រូវបានចៅក្រម បើកការស៊ើបសួរអស់រយៈពេលជា ច្រើនម៉ោង រហូតដល់រសៀលថ្ងៃដដែលនេះ ទើបសម្រេចចេញ ដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃ.ស ជាបណ្តោះអាសន្ន ។
គួររំលឹកថា ជនជាប់សង្ស័យឈ្មោះ អេង អូន ដែលគេស្គាល់ថា ជាមន្រ្តីយោធានៅមូលដ្ឋានទ័ពអាកាសព្រលានយន្តកងកេង ខេត្ត ព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ខេត្តកំពត កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ធ្លាប់ត្រូវបានសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនឡើង តុលាកាត ពាក់ពន្ធបទល្មើស ឆបោក និងរំលោភលើទំនុកចិត្ត លើ ទឹកប្រាក់ប្រមាណ ៩២ម៉ឺនដុល្លារអាមេរិក ។
ពេលនោះសមត្ថកិច្ចបានអនុវត្តតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ខណៈពេលជនសង្ស័យឈ្មោះ អេង អូន បានចូលបំភ្លឺ ហើយត្រូវកម្លាំងសមត្តកិច្ច ចាំចាប់នៅពេល ចេញផុតពីបរិវេណសាលាដំបូង ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅលើ មហាវិថី មុខផ្សារស៊ីធីមល សង្កាត់មនោរម្យខណ្ឌ៧មករា ។
ការចាប់ខ្លួនឈ្មោះ អេង អូន មិនបានមួយដង្ហើមចង្រិតផង តំណាងអយ្យការ បានឲ្យសមត្ថកិច្ច ដោះលែងវិញ ដោយសម្អ ហេតុថា ព្រះរាជអាជ្ញារងកាន់សំណុំរឿងនោះ បានលប់ដីកាបញ្ជ ឲ្យចូលខ្លួនរបស់ឈ្មោះ អេង អូន រួចរាល់ហើយ គ្រាន់តែថា ដីកា បញ្ឈប់លើដីកាបញ្ជាឲ្យចូលខ្លួននោះ មានការយឺតយ៉ាវបន្តិច ដែលនឹងធ្លាក់ដល់ដៃសាម៉ីខ្លួន បណ្តាលឲ្យនីតិវិធីមានការខុសឆ្គង ។
អ្វីដែលត្រូវចាប់អារម្មណ៍នោះគឺ លោក អេង អូន ក៏ត្រូវបានលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល សម្រេចផាកពិន័យជាទឹកប្រាក់ជាង ៨០០លានរៀល ផងដែរ ដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ របស់លោក បានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។ ប៉ុន្តែរហូតមកដល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុន អភិវឌ្ឍន៍ ភ្នំថ្កូវ បានគេចវេស ដោយហេតុផលផ្សេងៗ ពុំព្រម បង់ប្រាក់ផាកពិន័យ តាមការសម្រេចរបស់លោករដ្ឋមន្រ្តីក្រសួងរ៉ែ នោះទេ ៕
ដោយ ៖ រ៉ារ៉ា