ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី​ ផ្តើមចេញពីជំនួបរបស់ឥស្សរជនសំខាន់២រូប បានក្លាយជាមូលដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា​

ចែករំលែក៖

ភ្នំពេញ​៖​ ផ្តើមចេញពីជំនួបរបស់ឥស្សរជនសំខាន់២រូប គឺសម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ជំនួបនេះ បានក្លាយជាមូលដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងឈានទៅដល់ការសម្រេចបានជោគជ័យក្នុងដំណើរស្វែងរកសុខសន្តិភាពពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ»។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា​។ 

លោក​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់បន្ថែមទៀតថា​ តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សា បង្រួបបង្រួមជាតិខ្មែរ របស់ឥស្សរជនទាំងពីររូប គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាព និងសមិទ្ធផលនានាដែលកើតចេញការអភិវឌ្ឍឥតឈប់ឈរមកទល់ពេលបច្ចុប្បន្ន បន្តទៅថ្ងៃអនាគត។

ជាក់ស្តែង ធនប័ត្រអនុស្សាវរីយ៍ ៣០០០០រៀល ដែលមានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុនសែន ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យចរាចរ និងប្រើប្រាស់ជាផ្លូវការ ក្នុងឱកាសអបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាពេលថ្មីៗនេះ គឺជាសក្ខីភាពបញ្ជាក់ពីការដឹងគុណ និងចងចាំជានិច្ចចំពោះបេសកកម្មដ៏ថ្លៃថ្លាក្នុងការទាមទារ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ឥរស្សជនទាំងពីរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖