ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាគួរឲ្យហួសចិត្តណាស់! សមត្ថកិច្ចនិងអាជ្ញាធរកំពុងបំពេញបេសកកម្មទប់ស្កាត់កូវីដ-១៩ទូទាំងប្រទេសដែលឆ្លងចូលសហគមន៍ តែក្រុមញៀនល្បែងបញ្ជល់មាន់និងអាប៉ោងនៅតែគឃ្លើន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោកវ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានចុះបង្ក្រាបទីតាំងបញ្ជល់មាន់ល្មើសច្បាប់មួយកន្លែងកាលពីរសៀលថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងចម្ការស្វាយចន្ទីមួយកន្លែង មានចម្ងាយប្រមាណជាង១គីឡូម៉ែត្រនៅជាប់នឹងវាលស្រែស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់ស្ថិតក្នុងភូមិសាស្ត្រទីតាំងខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់គឺ១-ឈ្មោះពិត លក្ខណៈ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង, ២-ឈ្មោះ ស៊ុន សុគន្ធ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង, ៣-ឈ្មោះ សួន ឆៃឡា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបានដកហូតយកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ១១គ្រឿង, មាន់ជល់ចំនួន០១ក្បាល, ខ្នាយមាន់ចំនួន០១គូ, កន្រ្តកដាក់មាន់ ចំនួន៨កន្រ្តក និងរបាំងកញ្ចក់ជល់មាន់ ចំនួន១។

បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

សូមបញ្ចាក់ថា: ក្រុមញៀនល្បែងបញ្ជល់មាន់ខាងលើនេះ ទោះបីជាច្បាប់រឹតបន្តឹង ហើយអាជ្ញាធរនិងសមត្ថកិច្ចធ្វើការអប់រំ ហាមឃាត់មិនឱ្យលេងល្បែងនិងហាមការជួបជុំប្រមូលផ្តុំគ្នា ដើម្បីរួមគ្នា ប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើងយ៉ាងណាក៏ដោយ ក៏ក្រុមញៀនល្បែងទាំងនេះនៅតែគឃ្លើន មិនញញើតឬគោរពតាមការណែនាំរបស់សមត្ថកិច្ចនិងអាជ្ញាធរឡើយ។ ពួកគេតែងតែខល ណាត់គ្នាតាមទូរស័ព្ទដៃលួចលាក់ ប្រមូលម្តុំលបលួចលេងល្បែងបញ្ជល់មាន់ខុសច្បាប់ចល័តលេងតាមផ្ទះ តាមចម្ការស្វាយចន្ទី ឬតាមចម្ការកៅស៊ូដដែល នេះហើយជាប្រភពចម្លងមេរោគកូវីដ-១៩ ឆ្លងចូលសហគមន៍៕

ដោយ៖ មាស សុផាត


ចែករំលែក៖