នៅកោះ St Helena របស់ប្រទេសអង់គ្លេស ពលរដ្ឋមិនចាំបាច់ធ្វើចត្តាឡីស័ក ឬក៏ពាក់ម៉ាស់នោះឡើយ ។ ជីវភាពរស់នៅរបស់ពលរដ្ឋមិនខុសអ្វីពីពេលមិនទាន់មានកូវីដ-១៩នោះឡើយ។
កោះ St Helena ដែលជាដែនដីនៅក្រៅប្រទេសរបស់អង់គ្លេស ស្ថិតនៅភាគខាងត្បូងមហាសមុទ្រអាត្លង់ទិក ដែលមនុស្សជាច្រើនបានស្គាល់ថាជាទីកន្លែងដែលណាប៉ូឡេអុង ឃុំខ្លួនក្នុងថ្ងៃចុងក្រោយនៃជីវិតរបស់គាត់។ កោះនេះគឺជាតំបន់ដែលមិនមានវីរុសកូវីដ-១៩ ឆ្លងរាលដាលនោះឡើយ។
ក្នុងរយៈពេល ជិត២ឆ្នាំនៃការឆ្លងរាលដាលកូវីដ-១៩នៅជុំវិញពិភពលោក កោះដែលមានពលរដ្ឋជាង ៤៥០០នាក់ មានទំហំ១២០ គីឡូម៉ែត្រក្រឡា មិនទាន់មានករណីឆ្លងកូវីដ-១៩ម្នាក់ណាឡើយ។ ដូច្នេះពលរដ្ឋមិនចាំបាច់ធ្វើចត្តាឡីស័ក ឬពាក់ម៉ាស់នោះឡើយ ដោយគ្រាន់តែបង្កើនថែរក្សាអនាម័យឲ្យបានល្អបំផុតប៉ុណ្ណោះ។ ជីវភាពរស់នៅរបស់ពលរដ្ឋធម្មតា ដោយគ្រាន់តែមានអ្នកទេសចរតិចជាងមុនប៉ុណ្ណោះ។
ជាមួយគ្នានោះអ្នកទេសចរទៅកម្សាន្តនៅកោះនេះគឺត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងជំរំ Bradleys ។ បើទោះបីមិនទាន់មានករណីឆ្លងកូវីដ-១៩ម្នាក់ណាក្តី ក៏កោះនេះមិនធ្វេសប្រហែសនោះឡើយ ។ ពលរដ្ឋនៅលើកោះរហូតដល់ទៅ ៩៧% បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់ ។ កោះនេះនៅតែបើកទ្វារទទួលអ្នកទេសចរដូចពេលមុន តែត្រូវធ្វើចត្តាឡីស័ក៕ ដោយ៖ធីរីណា
រូបថត៖Getty
ប្រភពរូបថត៖Zing news
រូបថត៖AFP