នៅថ្ងៃទី២៥ខែតុលា ចិនបានប្រកាសបិទទ្វារតំបន់ទេសចរណ៍នៅក្នុងខេត្តGansu ហើយបានបិទស្រុក Alxa Left Banner ដើម្បីការពារការរីករាលដាលនៃ Covid-19 ។ គណៈកម្មាធិការសុខាភិបាលចិន NHC បានឱ្យដឹងថា ការផ្ទុះកូវីដ-១៩ថ្មីនេះ បានឆ្លងរាលដាលដល់១១ខេត្តហើយចាប់តាំងពីថ្ងៃទី១៧ខែតុលាមក ។
មន្ត្រីរដ្ឋាភិបាលខេត្ត Gansu នៅថ្ងៃទី២៥ខែតុលា បានសម្រេចបិទតំបន់ទេសចរណ៍ចំនួន៦ ក្រោយការរកឃើញអ្នកឆ្លងកូវីដ-១៩ ។ ចំណែករដ្ឋធានីប៉េកាំង ក៏បានហាមប្រាមពលរដ្ឋចេញចូលទៅកាន់តំបន់មានករណីឆ្លងកូវីដ-១៩ដែរ។
តាមរបាយការណ៍ ជារៀងរាល់ថ្ងៃចិនមានករណីឆ្លងកូវីដ-១៩ រាប់សិបនាក់ក្នុងពេលថ្មីៗនេះ ។ ទាំងនោះហើយបានជាទីក្រុងប៉េកាំងសម្រេចផ្អាកវិស័យទេសចរណ៍នៅក្នុងតំបន់ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ច ដែលកំពុងតែ រងផលប៉ះពាល់ខ្លាំង។ អ្នកឯកទេសសេដ្ឋកិច្ច Yeap Jun Rong បាននិយាយទៅកាន់សារព័ត៌មាន AP ថា វិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។
នៅខេត្តក្រុងមួយចំនួនជាប់នឹងព្រំដែនខេត្តដែលមានករណីឆ្លង បើទោះបីមិនទាន់រកឃើញមានអ្នកឆ្លងក្តី តែបានសម្រេចផ្អាករាល់សកម្មភាពវប្បធម៌ ការជួបជុំគ្នា…ដើម្បីបញ្ចៀសការឆ្លងកូវីដ-១៩ ។
ក្រុមហ៊ុនអាកាសចរណ៍ អវកាស Expace ក៏បានប្រកាសផងដែរថា នឹងផ្អាករាល់សកម្មភាពពាក់ព័ន្ធកាំជ្រួចមីស៊ីល Kuaaizhou 1-A ។ ទន្ទឹមនឹងនោះក៏បានស្នើដល់បុគ្គលិកទាំងអស់ត្រូវអនុវត្តវិធានការការពារ បញ្ចៀសការជាប់ពាក់ព័ន្ធនឹងអ្នកខាងក្រៅ។
ការផ្ទុះកូវីដ-១៩ ថ្មីធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ភាគខាងជើង និងភាគពាយ័ព្យនៃប្រទេសចិន ហើយបានរាលដាលដល់ទីក្រុងប៉េកាំង និង Hebei ។ រដ្ឋាភិបាលចិនបានចាត់វិធានការទប់ស្កាត់ ខណៈការប្រកួតកីឡារដូវរងាឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅខែកុម្ភៈឆ្នាំ ២០២២៕ ដោយ៖ ធីរីណា
រូបថត៖TTXVN
រូបថត៖Reuters