ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោតនៅរសៀលថ្ងៃទី២៦ខែតុលានេះ មានលក្ខណៈនឹង ហើយនឹងឈានទៅដល់ការស្រកចុះបណ្តើរៗហើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោតនារសៀលថ្ងៃទី២៦ខែតុលានេះមានលក្ខណៈនឹង ហើយនឹងអាចឈានទៅដល់ការស្រកចុះជាបណ្តើរៗ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងធនធនទឹក អាជ្ញាធរទន្លេសាបនិងកងអង្គរក្សសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅតែបន្តធ្វើសកម្មភាពទប់ទំនប់ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការបាក់ទំនប់ នាំបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ។
ការបញ្ជាក់បែបនេះរបស់លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងខណៈដែលលោកដឹកនាំអាជ្ញាធរកម្លាំងមានសមត្ថកិច្ចទប់ទំនប់ការពារទឹកជំនន់តាំងពីព្រឹករហូតមកដល់ល្ងាចថ្ងៃទី២៦ខែតុលានេះ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា គិតមកដល់រសៀលថ្ងៃនេះ គឺស្ថានភាពទឹកនៅកំពង់ស្ពឺបានស្រកចុះចំនួន២ហ៊ុនហើយ ដោយឡែកសម្រាប់នៅរាជធានីភ្នំពេញយើងវិញ ស្ថានភាពទឹកមានស្ថានភាពនឹង ។ ប៉ុន្តែបើទោះបីជាយ៉ាងក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញនៅតែសហការជាមួយនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត
ដែលមានទាំងក្រសួងធនធានទឹក ក៏ដូចជាកងអង្គរក្សរបស់សម្ដេចតេជោហ៊ុន សែន នៅតែបន្តទប់ទំនប់នេះដើម្បីការពារការបាក់នាំឲ្យមានគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋ ។
ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះដែរ អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌដង្កោបានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពទឹកដែលបានហក់ឡើងប្រមាណជា១សប្តាហ៍មកហើយនេះ ដោយត្រៀមធ្វើការបញ្ជូនកុមារតូចៗ និងចាស់ជរាទៅកាន់ទីទួលសុវត្ថិភាព ដើម្បីការពារអាយុជីវិតពួកគាត់ឱ្យបានគង់វង្សទៅតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី៕

ដោយ៖ សំរិត


ចែករំលែក៖