ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមបង្កើនសកម្មភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនពលរដ្ឋ

ចែករំលែក៖

វៀតណាម បានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋដើម្បីគ្រប់គ្រងការឆ្លង យ៉ាងមានប្រសិទ្ធភាពនិងបើកទ្វារសេដ្ឋកិច្ចឡើងវិញ។ កាលពីថ្ងៃទី ៤ខែវិច្ឆិកា វៀតណាម បានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅ 1.365.149 ដូស ក្នុងមួយថ្ងៃ។ សរុបនៅទូទាំងប្រទេសចាក់វ៉ាក់សាំងបានជាង ៨៦,៣លានដូសហើយ ក្នុងនោះអ្នកចាក់ដូសទីមួយមាន ជាង ៥៩,៣លាននាក់ និងគ្រប់ចំនួនពីរដូសមាន ជាង២៦,៩លានដូស ។
ពាក់ព័ន្ធការឆ្លងកូវីដ១៩ នៅថ្ងៃនេះក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន៧,៥០៤ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន៩១២ករណី។
ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៧០នាក់បន្ថែមទៀត។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៥៣,៥៤៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៣៧,៣៤៧នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៤១២នាក់៕ដោយ៖ធីរីណា

រូបថត៖nld.com.vn


ចែករំលែក៖