ក្រុមហ៊ុនឱសថអាមេរិក Pfizer បានប្រកាសថា ប្រភេទថ្នាំលេបព្យាបាលកូវីដ-១៩ មានប្រសិទ្ធភាពទប់ស្កាត់មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ ក្រោយឆ្លងកូវីដ-១៩ រហូតដល់៨៩%។ នេះជាជោគជ័យយ៉ាងធំធេង ក្នុងការបន្តរស់នៅជាមួយកូវីដ-១៩ ដូចជាជម្ងឺផ្តាសាយផ្សេងទៀត ។
លទ្ធផលនៃការធ្វើតេស្តឱសថ ប្រឆាំងវីរុសកូវីដ-១៩ មានឈ្មោះ Paxlovid ផលិតដោយក្រុមហ៊ុនPfizer គឺមានប្រសិទ្ធភាពខ្ពស់ជាងឱសថ Molnupiravirរបស់ក្រុមហ៊ុន Merck &Co។ កាលពីខែមុន ក្រុមហ៊ុន ឱសថ Molnupiravir បានប្រកាសថានឹងជួយកាត់បន្ថយបានពាក់កណ្តាល នៃការស្លាប់ឬធ្ងន់ធ្ងរចូលសម្រាកក្នុងមន្ទីរពេទ្យ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ឱសថ Paxlovid អាចនឹងទទួលបានការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២១នេះ។ ក្រុមហ៊ុន Pfizer បានឲ្យដឹងថា នឹងបញ្ជូនរបាយការណ៍ស្តីពីការធ្វើតេស្តទៅកាន់នាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិក FDA ឲ្យអនុម័តប្រើប្រាស់មុនថ្ងៃទី២៥ខែវិច្ឆិកា។
មានប្រសាសន៍នៅសេតវិមានកាលពីថ្ងៃទី៥ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានបញ្ជាក់ថា រដ្ឋាភិបាលបានបញ្ជាទិញឱសថនេះរាប់សិបលានដូសសម្រាប់ព្យាបាលកូវីដ-១៩។ លោកបន្តទៀតថា ការចាក់វ៉ាក់សាំង និង ឱសថព្យាបាលជំងឺកូវីដ-១៩ នឹងជួយឲ្យទឹកដីអាមេរិករួចផុតពីកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ ។
លោក Albert Bourla អគ្គនាយកក្រុមហ៊ុន Pfizer បាននិយាយថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញពី ៩០ប្រទេសជុំវិញពិភពលោក នៅប្រភេទឱសថ Paxlovid សម្រាប់ព្យាបាលកូវីដ-១៩ ៕ដោយ៖ ធីរីណា
ប្រភពរូបថត៖vietnamnet.vn