ប្រធានាធិបតីប្រទេសព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa បានប្រកាសរំលាយរដ្ឋសភា ហើយកំណត់យកថ្ងៃទី ៣០ខែមករាឆ្នាំ២០២២ សម្រាប់បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាថ្មី។
នេះជាការខិតខំដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសព័រទុយហ្គាល់ បន្ទាប់ពីរដ្ឋសភាច្រាលចោលសេចក្តីព្រាងច្បាប់ស្តីពីមូលនិធិជាតិឆ្នាំ២០២២។ នេះជាលើកទីមួយក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកដែលរដ្ឋសភាមិនអនុម័តមូលនិធិជាតិ។
នៅក្នុងការបោះឆ្នោតនៅរដ្ឋសភា ព័រទុយហ្គាល់ គណបក្សតូចៗដែលតែងតែគាំទ្រនាយករដ្ឋមន្ត្រី Antonio Costa និងគណបក្សប្រឆាំង បានរួមគ្នាច្រានចោលសេចក្តីព្រាងច្បាប់ស្តីពិការចំណាយមូលនិធិជាតិសម្រាប់ឆ្នាំ២០២២ ។ ការដែលសភាមិនគាំទ្រ បានធ្វើឲ្យរដ្ឋាភិបាលចុះខ្សោយយ៉ាងខ្លាំង ខណៈឆ្នាំ២០២២ គឺជាឆ្នាំនៃការសម្រេច ជោគវាសនាប្រទេសជាតិ និងសង្គម ក្រោយការឆ្លងរាលដាលនៃកូវីដ-១៩ ។
ទាំងនោះហើយបានជាប្រធានាធិបតី Marcelo Rebelo de Sousa សម្រេចរំលាយរដ្ឋសភា ដើម្បីរៀបចំការបោះឆ្នោតជាថ្មីមុនពេលកំណត់ ជាការបញ្ចប់វិវាទនយោបាយ ស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយកូវីដ-១៩។ តាមច្បាប់ ក្រោយការរំលាយរដ្ឋសភា ក្នុងរយៈពេល៦០ថ្ងៃគឺត្រូវតែរៀបចំការបោះឆ្នោត ជាថ្មី មិនអាចទុកឲ្យវិបត្តិនយោបាយអូសបន្លាយនោះឡើយ៕
ដោយ៖ធីរីណា(រូបថត៖nhandan.vn.)