ភ្នំពេញ ៖ បុរសជាជនជាតិបរទេសម្នាក់ស្រវឹងស្រាបានរករឿងបុគ្គលិកក្នុងហាង ហើយត្រូវថៅកែហាងខឹង ក៏ដេញចេញ ធ្វើអោយបុរសជនបរទេសរូបនោះខឹង ក៏ទាស់ពាក្យសម្ដីគ្នាជាមួយថៅកែហាង រហូតឈានដល់ប្រើហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិក្នុងហាង បណ្តាលឱ្យខូចខាតខ្ទេចខ្ទីតែម្តង ។
ករណីខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅចំណុចហាងគ្មានឈ្មោះ ស្ថិតនៅផ្លូវ៣០៨ កែងផ្លូវ២១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បុរសជាជនបរទេសខាងលើនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយពួកគាត់និយាយភាសាអង់គ្លេស និងបារាំង ។
បើតាមប្រភពពីថៅកែហាងបានប្រាប់អោយដឹងថា មុនកើតហេតុ គឺបុរសជនបរទេសខាងលើ បានចូលមកអង្គុយញ៉ាំស្រាបៀរក្នុងហាងរបស់គាត់ទាំងស្ថានភាពស្រវឹង និងបានកុម្ម៉ង់ស្រាបៀរចំនួន២ដបតូចសម្រាប់ហូបលេង។
ម្ម្ចាស់ហាងជាថៅកែនោះបានបន្តថា លុះពេលកំពុងអង្គុយញ៉ាំស្រាបៀរ បុរសជាជនបរទេសរូបនោះបាននិយាយថាអោយបុគ្គលិកស្រីគាត់ថា ជាខ្ទើយ និងបានយកដៃប៉ះពាល់ខ្លួននារីជាបុគ្គលិករបស់គាត់ទៀត ដោយឃើញបុរសខាងលើនោះស្រវឹង រូបគាត់ជាថៅកែហាងបានប្រាប់អោយបុរសរូបនោះគិតលុយ ហើយចេញទៅ តែបុរសរូបនោះមិនព្រមចេញ គាត់ក៏នាំគ្នាដេញ និងទាញបុរសខាងលើនោះឱ្យចេញ ក៏កើតជាជម្លោះ រហូតធ្វើឲ្យបុរសនោះខឹងក៏វាយកំទេចរបស់របរក្នុងហាង ដូចជា កែវ ថូផ្កា និង speaker បណ្តាលឲ្យរងការខូចខាតរាយប៉ាយពេញហាងតែម្តង ។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថាដោយឃើញដូច្នោះ ក៏មានជនបរទេស២នាក់ផ្សេងទៀតបានចូលជួយឃាត់ ដោយស្មានតែគេព្រួតគ្នាវាយបុរសរូបនោះ(បុរសជនបង្ក) ប៉ុន្តែបុរសជាជនបង្កនោះមិនស្តាប់ ក៏ច្រានគេចេញធ្វើអោយគេខឹងក៏រុញបុរសនោះ បណ្តាលឲ្យដួលរបួសរលាត់មុខខាងឆ្វេងតែម្តង ។
បន្ទាប់ពីប្រវាយប្រតប់គ្នាមួយប្រាវ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍ ដោយភាគីជនបង្កបានទាមទារសំណងពីថៅកែហាងចំនួន១០ម៉ឺនដុល្លារ ដោយចោទប្រកាន់ថា ថៅកែហាងធ្វើអោយរូបគាត់មានរបួស ប៉ុន្តែម្ចាស់ហាងក៏បានប្តឹងបុរសជនបរទេសរូបនោះវិញ ដោយទាមទារសំណង៥០០ដុល្លារ ដោយចោទប្រកាន់ថា បុរសរូបនោះបំផ្លាញទ្រព្យសម្បត្តិក្នុងហាង បណ្តាលឲ្យរងការខូចខាត ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចជួយសម្រួល ភាគីទាំងពីរក៏ព្រមចប់គ្នា ដោយស្មើគ្នា គ្មានអ្នកណាសងអ្នកណានោះឡើយ៕
ដោយ៖ អារុណរះ