ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Newblood ក្លាយជាក្រុមតំណាងកម្ពុជា ចូលរួមព្រឹត្តិ​ការណ៍ SEAEF Dota 2 Championship 2021

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការ របស់ (Cambodia SEA GAMES 2023)CAMSOC ជាមួយពាក្យស្លោក យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា 

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា , សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា បាន​រក​ឃើញ​ក្រុម​តំ​ណាង​កម្ពុជា​ចូល​រួមប្រកួតកីឡាអេឡិចត្រូនិជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ (SEAEF Dota 2 Championship 2021) ហើយ គឺក្រុម Newblood បន្ទាប់ពីក្រុមនេះ ដណ្ដើមបានជើងឯកក្នុងការប្រកួតវិញ្ញាសា Dota 2 ថ្នាក់ជាតិ កាលពីម្សិលមិញ។

ការប្រកួតចម្រាញ់រកក្រុមខ្លាំងតំណាងជាតិ​ចូល​រួម​ព្រឹត្តិ​ការណ៍​ប្រ​ចាំ​តំ​បន់​ខាង​លើ គឺមាន ១៤ក្រុមចូលរួម ក្នុងការប្រកួតរយៈពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី០៦-០៨ ខែវិច្ឆិកា នៅក្លិប CUE Cyber Gamer រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្រុមខ្លាំង Newblood បានយកឈ្នះក្រុម Yeaksa ក្នុង​លទ្ធ​ផល​បច្ចេក​ទេស ៣-០ ដើម្បីគ្រងតំណែងជើងឯក និងក្លាយជាក្រុមតំណាង​កម្ពុជា​ចូលរួមព្រឹត្តិការណ៍ SEAEF Dota 2 Championship 2021 តែម្ដង។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បាន​វាយ​តម្លៃខ្ពស់ ចំ​ពោះ​ការ​ប្រ​កួត​ជើង​ឯក Dota 2 ថ្នាក់ជាតិ ពិ​សេស​ការ​រៀប​ចំ​កី​ឡា​អេ​ឡិច​ត្រូ​និក​ជើង​ឯក​អា​ស៊ាន​លើក​ដំបូង ក្រោយ​បង្កើតឲ្យមានសហព័ន្ធកីឡា​អេ​ឡិច​ត្រូនិកអាស៊ីអាគ្នេយ៍ ដែលជាការបើកភ្លើងខៀវឲ្យ​កីឡា​អេឡិច​ត្រូ​និក​កម្ពុជា មានឱកាសចូលរួមប្រ​កួត​ប្រ​ជែង​លើ​ឆាក​អន្ដរជាតិកាន់​តែ​ច្រើន ហើយក៏ជាសញ្ញាវិជ្ជមានបញ្ជាក់ពីការរីក​ចម្រើននៃ​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និកក្នុងតំបន់ និងនៅកម្ពុជាផងដែរ។

លោកបន្ដថា «ការប្រកួតនេះ (SEAEF Dota 2 Championship 2021)  គឺ​សម្ដែងឲ្យឃើញនូវការរួបរួមប្រទេសក្នុងតំបន់អាស៊ាន ដែល​សហ​ការ​គ្នា​បង្កើត​ទៅ​ជាសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍មួយ ហើយរាល់​ការ​ប្រកួតថ្នាក់តំបន់ទាំងអស់ នឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និង​តាម​ដានរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ សូម្បីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក៏មាន​កិច្ច​ប្រ​ជុំ​បច្ចេក​ទេសក្នុងគណៈកម្មាធិការប្រតិបត្តិដែរ»។

«នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចឲ្យយើងមើលឃើញថា ការ​វិវឌ្ឍន៍ទៅមុខឥតឈប់ឈររបស់វិស័យកីឡាអេឡិចត្រូនិកកាន់តែដើរលឿន និងបង្កលក្ខណៈ​ងាយស្រួលឲ្យកីឡាករកម្ពុជាយើងអាចចូល​រួម​ការប្រកួតលក្ខណៈអន្ដរជាតិបានកាន់តែច្រើន» ។ លោក លន់ សាមឌី បន្ថែម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ SEAEF Dota 2 Championship 2021 គ្រោងដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែវិច្ឆិកាខាងមុខ ដែលធ្វើឡើងតាមអនឡាញ ដោយមាន ១០ក្រុមតំណាងឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ានចូលរួម(លើកលែងតែប្រទេសទីម័រខាងកើត) រួមមានកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងព្រុយណេ ។ ចំពោះប្រាក់រង្វាន់សរុបគឺមាន ៣៥,០០០ដុល្លារឯណោះ៕

ដោយ ៖ សិលា


ចែករំលែក៖