ម៉ាឡេស៊ីនឹងបើកទ្វារទទួលអ្នកទេសចរអន្តរជាតិចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២២តទៅ ដែលជាសកម្មភាពដំណើរការវិស័យសេដ្ឋកិច្ច ក្រោយការចាក់វ៉ាក់សាំងបានច្រើន។
ម៉ាឡេស៊ីបានចាប់ផ្តើមបើកទ្វារសេដ្ឋកិច្ចមួយផ្នែកនាពេលកន្លងមកថ្មីៗ ក្រោយពីកូវីដ-១៩ មានសញ្ញាថយចុះ និងកម្មវិធីចាក់វ៉ាក់សាំងបានដំណើរការទៅមុខយ៉ាងរលូន។
តាមតួលេខថ្មីបំផុតរបស់រដ្ឋាភិបាលម៉ាឡេស៊ីបង្ហាញឱ្យឃើញថា មានពលរដ្ឋជាង៧៥%ហើយក្នុងចំណោមពលរដ្ឋ៣២លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ចំនួន ។ លោក Muhyiddin Yassin ប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិបានឱ្យដឹងថា វិស័យទេសចរណ៍នៅក្នុងប្រទេសនេះដំណើរការឡើងវិញយ៉ាងយឺតយ៉ាវ ដោយសារតែមិនមានអ្នកទេសចរបរទេស។ លើសពីនេះទៅទៀត ក្រុមហ៊ុនទេសចរណ៍ត្រូវការពេលវេលាដើម្បីដំណើរការអាជីវកម្មរបស់ខ្លួន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាក់ថា វិធានការរឹតត្បិតនៅតែបន្ត ដូចជាធ្វើតេស្តដោយបង្ខំសម្រាប់អ្នកចូលក្នុងទឹកដីម៉ាឡេស៊ី។ បច្ចុប្បន្នស្ថាប័នសុខាភិបាលម៉ាឡេស៊ីកំពុងតែឡើងផែនការច្បាស់លាស់ពីការបើកទ្វារ ដោយរង់ចាំការសម្រេចជាលើកចុងក្រោយ។
នៅក្នុងសប្តាហ៍នេះដែរ ម៉ាឡេស៊ីបានប្រកាស់បើកការធ្វើដំណើរជាមួយប្រទេសសិង្ហបុរីនៅថ្ងៃទី ២៩ខែវិច្ឆិកា។ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនអាចធ្វើដំណើរចុះឡើងប្រទេសទាំងពីរដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ ជាមួយគ្នានេះដែរ ម៉ាឡេស៊ីក៏បានពិភាក្សាបើកការធ្វើដំណើរជាមួយប្រទេសផ្សេងទៀតក្នុងតំបន់៕ ដោយ៖ធីរីណា
រូបថត៖Reuters