ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, បន្ថែមលើសារសំឡេងដែលខ្ញុំទើបបានបញ្ចេញមុននេះ ពាក់ព័ន្ធនឹងការអនុញ្ញាតនូវការចូលរួមក្នុងពិធីមង្គលការ និង ពិធីសាសនាផ្សេងៗ ដោយមិនកំណត់ចំនួនមនុស្ស តែត្រូវគោរពហ្មត់ចត់តាមវិធានការពារសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍បន្តថា, ខ្ញុំសូមបញ្ជាក់បន្ថែមថា ការជួបជុំដោយមិនកំណត់ចំនួនមនុស្សចូលរួម តែត្រូវគោរពតាមវិធានសុខាភិបាល ដើម្បីការពារសុវត្ថិភាពពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ក៏ត្រូវបានអនុញ្ញាតដូចគ្នាដែរ សម្រាប់ការជួបជុំជាទូទៅផ្សេងទៀត ដើម្បីបំពេញការងារ ឬ ធ្វើសកម្មភាព និង ប្រារព្ធពិធីផ្សេងៗ រួមមាន ការជួបជុំរបស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានាផងដែរ ។ សូមអរគុណ! ៕
ដោយ៖សុខ ខេមរា