ប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបកំពុងពិចារណាបិទទ្វារប្រទេសសាជាថ្មី ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
បច្ចុប្បន្នអឺរ៉ុបក្លាយជាចំណុចកំពូលនៃការឆ្លងកូវីដ-១៩ នៅលើពិភពលោក ធ្វើឱ្យរដ្ឋាភិបាលប្រទេសមួយចំនួនឡើងគម្រោងបិទប្រទេសសាជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងកាន់តែច្រើនឡើងក្នុងឱកាសបុណ្យគ្រិស្តស្មាស់ និងឆ្លងឆ្នាំសកល។
តំបន់អឹរ៉ុបមានករណីឆ្លងកូវីដ-១៩ ជាងពាក់កណ្តាលនៃចំនួនករណីឆ្លងនៅទូទាំងពិភពលោក គិតជាមធ្យមក្នុងរយៈពេល ៧ថ្ងៃកន្លងមក។ បណ្តាប្រទេសនៅក្នុងតំបន់ភាគខាងកើតអឺរ៉ុប មានចំនួនអ្នកចាក់វ៉ាក់សាំងបានតិច ជាមូលហេតុបណ្តាលឱ្យមានករណីឆ្លងច្រើន។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ចំនួនករណីឆ្លងកូវីដ-១៩នៅតំបន់អឺរ៉ុបបានកើនឡើង ១០% ក្នុងរយៈពេល១សប្តាហ៍កន្លងមក។ ពេលនេះអឺរ៉ុបបានក្លាយទៅជាចំណុចកំកណ្តាលនៃការឆ្លងកូវីដ-១៩នៅជុំវិញពិភពលោក។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក គិតត្រឹមថ្ងៃទី ១៣ខែវិច្ឆិកា បានប្រកាសថា កូវីដ-១៩ បានឆ្លងរាលដាលដល់មនុស្សសរុបចំនួន ២៥៣,៣៨៣,៨២៧ករណី ដែលក្នុងនោះអ្នកជំងឺចំនួន ៥,១០៧,៩២០នាក់បានស្លាប់ និង ២២៩,១៧៤,៥០៤នាក់ផ្សេងទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក៕
ដោយ៖ធីរីណា(រូបថត៖AFP)