ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទីបាន៤គ្រាប់ឲ្យក្រុមជម្រើសជាតិបារាំង ខណៈដែលម្ចាស់ជើងឯកពិភពលោកមួយនេះដណ្តើមបានកៅអីរបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយក្នុងប្រទេសកាតាដោយការផ្តួលក្រុមកាហ្សាក់ស្ថានរហូតដល់៨ទល់០។
Mbappe រកបាន៤គ្រាប់ក្នុងចំណោម៨គ្រាប់ដែល៣គ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធរូបនេះរកបានក្នុង៣០ នាទីដំបូងគឺនៅនាទីទី៦ នាទីទី១២ និងនាទីទី៣២ និង១គ្រាប់ជាគ្រាប់ទី៤គឺរកបាននៅនាទីទី៨៧។ ចំណែក៤គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ និងជាប្រធានក្រុម Karim Benzemaរកបាន២គ្រាប់នៅតង់ទី២នៅនាទីទី៥៥ និងនាទីទី៥៩, ហើយ២គ្រាប់ទៀតរកបានដោយកីឡាករ Adrien Rabiot នៅនាទីទី៧៥ និង Antoine Griezmann រកបានដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៨៤។
គ្រាប់បាល់ Hat-trick របស់ Mbappe គឺជាលើកដំបូងដោយកីឡាករបារាំងរូបនេះរកបានក្នុងការប្រកួតអន្តរជាតិចាប់តាំងពី Dominique Rocheteau ក្នុងឆ្នាំ១៩៨៥ ។
ជ័យជម្នះរបស់ក្រុមបារាំងនេះធានាថា បារាំងនឹងឈរកំពូលតារាងពូល D ខណៈពួកគេមាន១៥ពិន្ទុដាច់ក្រុមលេខ២ ហ្វាំងឡង់៤ពិន្ទុ ខណៈនៅសល់មួយប្រកួតទៀតនឹងចប់ការប្រកួតជម្រុះក្នុងតំបន់អឺរ៉ុបហើយ។
ដោយឡែកក្រុមលេខ១ពិភពលោកបែលហ្សុិកបានឈានទៅប្រកួត World Cup ឆ្នាំ២០២២ដែរ នៅប្រទេសកាតាជាមួយនឹងជ័យជម្នះលើក្រុម Estonia ក្នុងលទ្ធផល៣ទល់១។
ក្រុមរបស់លោក Roberto Martinez ត្រូវជួបក្រុមវែលក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេនៅថ្ងៃអង្គារ ប៉ុន្តែបើទោះជាចាញ់ ឬឈ្នះក្តីក៏បែលហ្ស៊ិកមានកៅអីរួចទៅហើយក្នុងការឈានទៅព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំ២០២២។
ខ្សែប្រយុទ្ធ Christian Benteke របស់ Crystal Palace បានស៊ុតបញ្ចូលទីនាំមុខនៅនាទីទី១១ និងគ្រាប់ទី២រកបានដោយកីឡាករ YannickCarrasco នៅនាទីទី៥៣។
រីឯកីឡាករ Erik Sorga បានរក១គ្រាប់ឲ្យអេស្តូនីក្នុងលទ្ធផល ២-១ ប៉ុន្តែក្រុមម្ចាស់ផ្ទះបែលហ្ស៊ិករកបាន១គ្រាប់បន្ថែមទៀតដោយកីឡាករ Thorgan Hazard នៅនាទីទី៧៤ ធ្វើឲ្យចប់ការប្រកួតបែលហ្ស៊ិកឈ្នះអេស្តូនីក្នុងលទ្ធផល៣ទល់១។
ចំណែកក្រុមវែលបានរក្សាកៅអីវគ្គ Play-off របស់ពួកគេរួចជាស្រេចដោយបានឈ្នះនិងបានឡើងមកលេខឈរលេខ២ក្នុងការប្រកួតជម្រុះ World Cup ពូល E ជាមួយនឹងជ័យជម្នះ ៥-១ លើបេឡារ៉ូស ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)