ខេត្តបាត់ដំបង ៖ ប្រជាកសិករម្នាក់បានយកម៉ូតូរបស់ខ្លួនមកទុកនៅចិញ្ចើមផ្លវត្រូវជនមិនស្គាល់មុខដែលគេសង្ស័យថា មានគ្នា០២នាក់ជិះយកទៅបាត់។
ជនរងគ្រោះបាននិយាយថាជនសង្ស័យបានជិះម៉ូតូតាមទៅលួចយកម៉ូតូរបស់គាត់ដល់មាត់ស្រែទាំងព្រឹក ខណៈពេលជនរងគ្រោះទុកនៅឆ្ងាយពីផ្លូវបន្តិច រួចក៏ដើរទៅមើលស្រែ ដែលមានចម្ងាយប្រហែល៣០០ម៉ែត្រ។
លោកស្រីអឿន មុំ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ បាននិយាយបន្តថា ម៉ូតូគាត់អាចត្រូវចោរលួចនៅចន្លោះពីម៉ោង៧ទៅម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិសំរោង ឃុំស្នឹង ខណៈពេលដែលគាត់ជិះទៅទុកនៅក្នុងដីឡូតិ៍គេមួយកន្លែង នៅចុងភូមិ រួចគាត់ដើរចុះទៅមើលស្រែនៅខាងកើតនោះប្រហែល៣០០ម៉ែត្រ ហើយម៉ូតូដែលត្រូវចោរលួចនោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាក បាត់ដំបង 1AE-5712។
ជនរងគ្រោះឈ្មោះ អឿន មុំ បាននិយាយបន្តថា គាត់បានដឹងថា ម៉ូតូបានបាត់ពីកន្លែងទុក នៅពេលដែលគាត់ដើរត្រឡប់មកពីមើលស្រែវិញនៅម៉ោងជិត៨ព្រឹក ហើយគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។
បន្ទាប់ពីទទួលបានពត៌មាន មន្ត្រីមូលដ្ឋានក៏បានចុះមកកាន់ចំណុចកើតហេតុ ដើម្បីពិនិត្យភ្លាមៗផងដែរ ហើយនៅកន្លែងកើតហេតុ គេឃើញមានស្លាកស្នាមម៉ូតូជិះចូល និងជិះចេញ ប៉ុន្តែអ្វីដែលចម្លែកនោះ គេឃើញមានស្នាមដានម៉ូតូធំ ដែលគេសង្ស័យថា ជាម៉ូតូក្រុមជនសង្ស័យដែលជិះឌុបគ្នាចូលទៅធ្វើសកម្មភាព។ ដោយសកម្មភាពជនសង្ស័យម្នាក់អាចអង្គុយចាំលើម៉ូតូ រីឯម្នាក់ទៀតចុះដើរចូលទៅក្នុងដីឡូតិ៍ រួចធ្វើសកម្មភាពកាច់សោលួចយកម៉ូតូនោះ រួចជិះចេញឡើងលើផ្លូវជាតិគេចខ្លួនបាត់តែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថាជាមួយគ្នានោះ ម្ចាស់ម៉ូតូក៏បានរំលឹលផងដែរថា ម៉ូតូរបស់គាត់ធ្លាប់ត្រូវលោកចោរកាច់សោបម្រុងលួចម្ដងមកហើយកាលពីខែមុន តែលួចមិនបាន ដោយសារពេលលោកចោរកាច់សោ ហើយកូនសោច្នៃនោះ ក៏បាក់មួយកំណាត់ជាប់ក្នុងសោម៉ូតូ ទើបលោកចោរលួចមិនបានសម្រេច តែលោកចោរតាមលួចលើកទី២ នេះបានសម្រេចតែម្ដង។
សូមបញ្ជាក់ថាសមត្ថកិច្ចមិនទាន់អាចធ្វើការសន្និដ្ឋានពីមុខសញ្ញាជនសង្ស័យនៅឡើយទេ តែបានប្រាប់ថា ពេលនេះកំពុងធ្វើការស្រាវជ្រាវ។
បើតាមការសន្និដ្ឋានគេសង្ស័យក្រុមចោរតែងតាមដានសកម្មភាពរបស់ជនរងគ្រោះ នៅពេលជិះម៉ូតូចេញ-ចូលផ្ទះ។
ប៉ុន្តែនៅព្រឹកកើតហេតុ លោកចោរក៏អាចជិះតាមពីក្រោយជនរងគ្រោះដែរ ទើបពេលជនរងគ្រោះទុកម៉ូតូដើរចេញភ្លាម លោកចោរក៏លួចយកភ្លែតតែម្តង។
អំពើចោរកម្មខាងលើនេះ ហាក់កំពុងបង្កភាពភ័យខ្លាចយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកបាណន់ ជាពិសេសប្រជាពលរដ្ឋរស់នៅឃុំស្នឹងតែម្ដង ដែលតែងតែជួបអំពើចោរកម្មនេះជាបន្តបន្ទាប់ ខណៈការបង្ក្រាបរបស់សមត្ថកិច្ចមិនតុល្យភាព ជាមួយនឹងបទល្មើសដែលបានកើតឡើង។
បើតាមព្រឹកថ្ងៃកើតហេតុ នៃបទល្មើសចោរកាច់សោលួចយកម៉ូតូនៅក្នុងឃុំស្នឹង មានពេលខ្លះមួយថ្ងៃបាត់ម៉ូតូ០២គ្រឿងក៏មាន ហើយរហូតមកដល់ពេលនេះ បទល្មើសនេះនៅតែបង្កក្ដីបារម្ភដល់ប្រជាពលរដ្ឋដដែរល។ ដូច្នេះមានតែពលរដ្ឋខ្លួនឯងទេ ដែលជាម្ចាស់ទ្រព្យត្រូវប្រុងប្រយ័ត្ន ទើបអាចគង់វង់៕
ដោយ៖ អរុណរះ