ព័ត៌មានទាន់ហេតុការណ៍៖

អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដាន (Tracking) និងមុខងារទីតាំង (Location Sevices) របស់ទូរស័ព្ទវៃឆ្លាត

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ការទាញយកនិងលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់គឺជាពាណិជ្ជកម្មដ៏ធំមួយដែលក្រុមហ៊ុនអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះទៅឱ្យក្រុមហ៊ុនទី៣ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពីអាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដានបុគ្គលណាមួយនោះបានទៀតផង។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការព្រមានកាលពីឆ្នាំមុន ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្តថា, ជាងនេះទៅទៀត ពួកគេក៏បានរកឃើញផងដែរថា ក្រុមហ៊ុន Google នៅតែអាចបន្តទាញយកទីតាំងរបស់អ្នកប្រើប្រាស់ទោះបីជាពួកគេបានបិទការតាមដានទីតាំង ហើយថែមទាំងបានបង្កប់មុខងារសម្រាប់បិទទីតាំងយ៉ាងសម្ងាត់ ដើម្បីចៀសវាងអ្នកប្រើប្រាស់អាចចូលទៅបិទមុខងារនេះបាន។

ទោះបីជាទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ពុំមានការតាមបានច្រើនក្ដី លោកអ្នកគួរតែបិទមុខងារតាមដាន ដោយចូលទៅក្នុង Settings> Privacy> Tracking ដើម្បីការពារទិន្នន័យឯកជនភាព។ ជាងនេះទៅទៀតលោកអ្នកអាចបិទមុខងារតាមដានទីតាំងប្រសិនបើលោកអ្នកពុំចាំបាច់ត្រូវការប្រើប្រាស់ ឬកំណត់ឱ្យមានការតាមដានតែក្នុងពេលដែលប្រើកម្មវិធីនោះ ដោយចូលទៅក្នុង Settings> Privacy> Location Sevices៕

ដោយ ៖ សិលា


ចែករំលែក៖