អំពើហិង្សាផ្ទុះឡើង នៅតំបន់ព្រំដែន នៃប្រទេសប៉ូឡូញនិងបេឡារូស នៅថ្ងៃទី១៦ខែវិច្ឆិកា ក្នុងពេលដែលក្រុមជនភៀសខ្លួនបានព្យាយាម ចូលទៅកាន់តំបន់អឺរ៉ុប ដោយបានបំផ្លាញរនាំងការពារ និងគប់ដុំថ្មទៅលើកម្លាំងសន្តិសុខការពារព្រំដែននៃប្រទេសប៉ូឡូញ។ ចំណែកកម្លាំងប៉ូលិសនៃប្រទេសប៉ូឡូញបានប្រើប្រាស់ គ្រាប់បែកផ្សែង បាញ់ទឹក ដើម្បីទប់ទល់ជាមួយក្រុមជនភៀសខ្លួន។
មន្ត្រីប៉ូឡូញ និងបេឡារូស បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ពីភាពតានតឹងនៅក្នុងតំបន់ព្រំដែន ប្រទេសទាំងពីរ ។ ក្រុមជនភៀសខ្លួនរាប់ពាន់នាក់ បានជាប់គាំនៅព្រំដែនក្នុងអាកាសធាតុត្រជាក់។
ក្រោយមានសំឡេងផ្ទុះជាច្រើនកើតឡើង ប្រព័ន្ធផ្សព្វផ្សាយ BelTA របស់ប្រទេសបេឡារូស បានចោទប្រកាន់ប្រទេសប៉ូឡូញបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកទៅលើក្រុមជនភៀសខ្លួន ទើបបង្កឲ្យមានអំពើហិង្សាកើតឡើង ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ កម្លាំងការពារព្រំដែនប្រទេសប៉ូឡូញ បានចោទប្រកាន់ក្រុមជនភៀសខ្លួន បោះជំរុំនៅជិតទីតាំងគ្រប់គ្រងនៅតំបន់ Bruzgi Kuznica បានធ្វើសកម្មភាពបង្កហិង្សា ដោយគប់គ្រាប់បែក និងវត្ថុរឹងទៅលើកម្លាំងប៉ូលិសប៉ូឡូញ៕
ដោយ៖ធីរីណា(រូបថត៖Reuters)