ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ-១៩នៅបារាំងកើនឡើងខ្ពស់គួរឲ្យបារម្ភ

ចែករំលែក៖

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសបារាំង កើនឡើងខ្ពស់គួរឲ្យបារម្ភ ដោយក្នុងរយៈពេល មួយថ្ងៃ មានករណីឆ្លងកូវីដ-១៩ ដល់ទៅជិត២ម៉ឺននាក់នៅថ្ងៃទី ១៦ខែវិច្ឆិកា។
តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា នៅថ្ងៃទី១៦ខែវិច្ឆិកានៅទូទាំងប្រទេសបារាំង មានករណីឆ្លងកូវីដ-១៩ ដល់ទៅ១៩.៧៧៨នាក់ គឺកើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងថ្ងៃធម្មតាមានករណីឆ្លងប្រមាណ១១ពាន់នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ។ ចំនួនអ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក៏បានកើនឡើងខ្ពស់ផងដែរគឺមានរហូតដល់ទៅ៧៥០០នាក់ និងស្លាប់ ៤៨នាក់ក្នុងពេល២៤ម៉ោង។
បើទោះបីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Attal បានបញ្ជាក់ថា ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសបារាំង គឺមិនទាន់ធ្លាក់នៅក្នុងដំណាក់កាលធ្ងន់ធ្ងរដូចជាប្រទេសជិតខាងនោះឡើយ ។ បារាំងមានជំនឿចិត្តទៅលើការចាក់វ៉ាក់សាំង ដោយមិនទាន់មានគម្រោង បិទប្រទេសសាជាថ្មីនៅឡើយទេ។
មកទល់ពេលនេះមានពលរដ្ឋបារាំងជិត៧៥ពាន់នាក់ បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ហើយមានពលរដ្ឋជាង ៥លាននាក់បានចាក់វ៉ាក់សាំងផ្តាសាយ ។ តាមគម្រោង បារាំងនឹងបង្កើនការចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋដែលមានអាយុពី ៥០ ឆ្នាំ ឡើង។ ចំពោះកុមារដែលមានអាយុចាប់ពី៥ដល់១២ឆ្នាំ។ ការចាក់វ៉ាក់សាំងជូនកុមារគឺត្រូវរង់ចាំការបើកភ្លើងខៀវពីសហគមន៍អឺរ៉ុប។
តាមរបាយការណ៍របស់រដ្ឋាភិបាលបារាំងបានបញ្ជាក់ថា ការចាក់វ៉ាក់សាំង នឹងជួយកាត់បន្ថយចំនួនអ្នកស្លាប់ក៏ដូចជា ធ្លាក់ខ្លួនឈឺធ្ងន់ក្រោយពេលឆ្លងកូវីដ-១៩ ៕ដោយ៖ធីរីណា

រូបថត៖CNEWS


ចែករំលែក៖