ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឲ្យមនុស្ស២នាក់ប្តីប្រពន្ធ បានស្លាប់យ៉ាងអាណោចអាធម្មនៅវេលាម៉ោង០៣និង១៥នាទីរសៀលថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិ៥៩នៅចន្លោះគីឡូម៉ែត្រលេខ២៩-៣០ស្ថិតនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ។
លោកឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា៖ជនរងគ្រោះ ឈ្មោះ ហ៊ត់ ហាត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ និងបើកបរម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ពាក់ស្លាកលេខប.មានជ័យ1C.3668 អ្នករួមដំណើរ ឈ្មោះ ដោក កាន់ អាយុ៥៤ឆ្នាំ ត្រូវជាប្រពន្ធ ។
លោក អធិការ បានបញ្ជាក់ថា៖មុនពេលកើតហេតុ អ្នកបើកម៉ូតូបានបើកឌុបប្រពន្ធ ក្នុងទិសដៅ ពីលិចទៅកើតឡើងវ៉ាជែងត្រាក់ទ័រ ស្របពេលនោះមានរថយន្ត០១គ្រឿងហ៊ីយ៉ាន់ដាយដឹកទំនិញធុនធំ ពណ៌ខៀវលាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D.2784និងរ៉ឺម៉កស្លាកលេខព្រះសីហនុ 4A.7667 បើកស្របទិសគ្នា ក្នុងល្បឿនលឿន បានបុកម៉ូតូពីក្រោយបណ្តាលឲ្យជនរងគ្រោះ០២នាក់ ប្តីប្រពន្ធ ខ្ទាតចូលក្រោមរថយន្តត្រូវកង់រថយន្តកិន ស្លាប់ទាំង០២នាក់នៅនឹងកន្លែងកើតហេតុគូរឲ្យតក់ស្លុត ។ អ្នកបើករថយន្តក្រោយពីបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។វត្ថុតាងម៉ូតូនិងរថយន្ត នគរបាល យកមករក្សាទុកនៅអធីការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីស្រាវជ្រាវរកអ្នកបើកបរចាត់ការតាមនិតិវិធី ។ចំណែកសពជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ ប្រល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ វណ្ណា