ភ្នំពេញ៖ លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សត្វក្តាន់ជាប្រភេទសត្វដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជាសកល ក្នុងបញ្ជីប្រហម IUCN និងត្រូវបានចាត់ចូលក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស ហើយត្រូវបានគេសន្មត់ថាបានផុតពូជពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ នៅពេលដែលសត្វក្តាន់ត្រូវបានគេរកឃើញឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិនៅខេត្តក្រចេះ។ រូបភាពថ្មីៗបង្ហាញពីវត្តមានសត្វក្តាន់នៅក្នុងប្រទេសកម្ពុជា គឺតាមរយៈរូបថតកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលត្រូវបានក្រុមការងារស្រាវជ្រាវ និងពង្រឹងការអនុវត្តច្បាប់មកពីមន្ទីរបរិស្ថានខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើ អង្គការ WWF និង សមាជិកក្រុមល្បាតសហគមន៍ ថតបានតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap) ដែលបានដំឡើងក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។ នេះគឺជាភស្តុតាងមួយសំខាន់បញ្ជាក់ពីភាពនៅរស់រានមានជីវិតរបស់សត្វក្តាន់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាយើងនៅឡើយ។
លោកបន្តថា, ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមនឹងអង្គការដៃគូបាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការ ការពារនិងអភិរក្សសត្វក្តាន់ដ៏កម្រនេះតាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់ បង្កើនការល្បាត និងការអប់រំ ផ្សព្វផ្សាយ ការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ ទប់ស្កាត់ការលួចបរបាញ់ និងការដាក់អន្ទាក់ និងការដោះអន្ទាក់ចេញពីតំបន់ធម្មជាតិជាដើម។ ក្រសួងបរិស្ថានក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិ ចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ និងការបរិភោគសាច់សត្វព្រៃបន្តទៀត ដើម្បីថែរក្សាអភិរក្សប្រភេទសត្វកម្រដូចជាសត្វក្តាន់នេះសម្រាប់មនុស្សជំនាន់ក្រោយ។
តាមការសិក្សា សត្វក្តាន់មាននៅភូមិភាគខាងជើង និរតី និងខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។ វាក៏មានផងដែរនៅទីជម្រកព្រៃនៃប្រទេសឥណ្ឌា រហូតដល់ប្រទេសភូមា ថៃ ឡាវ និងប្រទេសវៀតណាម ប៉ុន្តែប្រភេទនេះវាមានចំនួនថយចុះយ៉ាងខ្លាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់ ហើយបច្ចុប្បន្ននៅតំបន់ជាច្រើនប្រភេទនេះត្រូវបានផុតពូជពីព្រៃធម្មជាតិ ក្នុងនោះគេជឿថាវាបានផុតពូជបាត់ទៅហើយពីប្រទេសចិន ឡាវ ភូមា និងវៀតណាម។ មិនមានទិន្នន័យច្បាស់លាស់នៃចំនួនសត្វក្តាន់នៅលើពិភពលោកជារួម និងដោយឡែកនៅក្នុងប្រទេសកម្ពុជានោះទេ។
ទិន្នន័យចុងក្រោយដែលមាន នៅឆ្នាំ២០១៧ បានបង្ហាញថា សត្វក្តាន់មានចំនួនចាប់ពី ២០ ទៅ ៣០ក្បាល កំពុងតែរស់នៅក្នុងព្រៃក្នុងស្រុកព្រែកប្រសព្វ។ សត្វក្តាន់ទាំងនោះថតជាប់ដោយកាមេរ៉ាស្វ័យប្រវត្តិដែលដាក់បង្កប់នៅតាមដើមឈើក៏ដូចជាការរកឃើញដាន ជើងរបស់ពួកវានៅក្នុងតំបន់ព្រៃអភិរក្ស និងនៅតាមមាត់អូរទាំងពីរកន្លែងនោះ និងការប្រទះឃើញផ្ទាល់របស់អ្នកស្រុក។ កន្លងមកនៅខេត្តក្រចេះ សត្វក្តាន់រស់នៅតាមព្រៃចំនួន ២ កន្លែង គឺព្រៃខាងក្រោយស្រុកឆ្លូង និងព្រៃខាងក្រោយស្រុកព្រែកប្រសព្វ។ ដោយទិន្នន័យក្រោយឆ្នាំ២០០៦ គឺមានសត្វក្តាន់ចាប់ពី ៥០ ទៅ ៨០ក្បាល រស់នៅតាមព្រៃតំបន់ទាំងពីរនោះ។ ក្រោយមកបន្ទាប់ពីមានការស្រាវជ្រាវ បានរកឃើញថា ពពួកសត្វក្តាន់ទាំងនេះមាននៅសេសស់លតិចតួចនៅតាមព្រៃខាងក្រោយស្រុកព្រែកប្រសព្វ។ កត្តាគម្រាមកំហែងចម្បងៗទៅលើការរស់រាន របស់សត្វក្តាន់រួមមាន ការបរបាញ់ដើម្បីយកសាច់ ការបាត់បង់ទីជម្រក ដោយសារការកាប់ឈើធ្វើធ្យូង និងការរុករានដីព្រៃដើម្បីធ្វើកសិកម្ម។
លោកបញ្ជាក់ថា, យោងតាមការសិក្សា សត្វក្តាន់មានរូបរាងតូចជាងសត្វប្រើស មានពណ៌ប្រផេះចាស់ ឬត្នោតលឿង ហើយពណ៌ប្រែប្រួលទៅតាមរដូវ។ វាមានចុងកន្ទុយពណ៌ស និងមានទម្ងន់ជាមធ្យម៥០គីឡូក្រាម។ ក្តាន់ឈ្មោលមានស្នែងប្រហាក់ប្រហែលស្នែងសត្វប្រើស តែតូច និងជួនកាលអុចៗនេះនៅមានរហូតដល់ពេញវ័យ។ សត្វក្តាន់មានទម្លាប់រស់នៅតាមជាយព្រៃរបោះ ក្នុងវាលទំនាបល្បាប់ភក់ ឬតាមតំបន់មានដំណុះរុក្ខជាតិសងខាងទន្លេ ពិសេសជិតតំបន់វាលភក់ដែលមានដើមត្រែង និងស្មៅខ្ពស់ៗ។ ជារឿយៗសត្វនេះរស់នៅជាគូញី-ឈ្មោល តែអាចផ្តុំគ្នាជាហ្វូងពី ១០-១៥ក្បាល។ សត្វក្តាន់ចូលចិត្តស៊ីល្បះរុក្ខជាតិ និងត្រួយខ្ចីដែលមានដូចជា ត្រែង ស្មៅ វល្លិ៍ក្រញាញ់ ស្លឹក ខ្ទុំជាដើម។ សត្វឈ្មោលជម្រុះស្នែងនៅក្នុងអំឡុងខែមករា-មីនា ហើយស្នែងខ្ចី (ស្នែងទន់) បានដុះឡើងវិញស្រោបដោយស្បែក ដែលមានរោមស្តើងខុសពីប្រើស។ នៅពេលជម្រុះស្នែងរហូតដល់ស្នែងពុំទាន់រឹង ក្តាន់ឈ្មោលពុំអាចបង្កាត់ពូជបានទេ។ ក្តាន់ចូលចិត្តរត់ ឬលូនតាមព្រៃត្រែង ឬស្មៅខ្ពស់ៗច្រើនជាងលោតផ្លោះនៅពេលជួបអាសន្នម្តងៗ។ ក្តាន់ញីបន្តពួជក្នុងខែកញ្ញា និងតុលា ហើយផ្តល់កំណើតកូន១ ឬភ្លោះក្រោយពេលពពោះ៨ខែ៕
ដោយ ៖ សិលា