ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់មេដាយមាសជើងឯកពិភពលោក អ៊ុក ស្រីមុំ ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តដង្ហែក្បួនយ៉ាងអធិកអធម

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក(Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក«យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា កីឡារស់ក្នុងសន្ដិភាព SPORTS LIVE IN PEACE» បានបញ្ជាក់ឱ្យដឹងថា កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោកនៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា បានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅល្ងាចថ្ងៃអង្គារនេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នពាក់ព័ន្ធកីឡា ជាពិសេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយរៀបចំក្បួនដង្ហែអមដោយម៉ូតូសយ៉ាងអធិកអធម។

កីឡាការិនី អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាស១គ្រឿង ពីជើងឯកពិភពលោកនៅប្រទេសអេស្ប៉ាញ និងកីឡាការិនីប៉េតង់៣រូបផ្សេងទៀតរួមជាមួយគ្រូបង្វឹកលោក សុខ ម៉ុង ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តរៀបចំក្បួនដង្ហែអមដោយម៉ូតូសពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម វង់មួយជុំវិមានឯករាជ្យ ហើយចុងក្រោយចូលទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលការលើកទឹកចិត្តពី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា នេះជាមោទនភាពរបស់កម្ពុជាដែលកីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ បានប្រឹងប្រែងប្រកួតរហូតដល់ដណ្តើមបានមេដាយមាស១គ្រឿងយកមកជូនជាតិ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ការលើកទឹកចិត្តប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនម្ចាស់ជ័យលាភីមេដាយមាស កីឡាការិនី អ៊ុក ស្រីមុំ នាពេលខាងមុខ។

នៅក្នុងឱកាសស្វាគមន៍លើកទឹកចិត្តនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏បានអញ្ជើញចូលរួមលើកទឹកចិត្តជូនជំពោះប្រតិភូ កីឡាការិនីប៉េតង់កម្ពុជាផងដែរ។

ម្ចាស់មេដាយមាសជើងឯកពិភពលោក កីឡាការិនី អ៊ុក ស្រីមុំ ក៏បានបង្ហាញពីក្តីរំភើបរីករាយជាខ្លាំង ដែលដណ្តើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុ ប្រចាំឆ្នាំ២០២១នេះ យកមកជូនជាតិ។ វីរកីឡាការិនីអ៊ុក ស្រីមុំបានបញ្ជាក់ថា «ការឈ្នះនេះកើតចេញពីការខិតខំរបស់នាងខ្ញុំផង និងក្រោមការលើកទឹកចិត្តពីលោកគ្រូ ប្រតិភូដឹកនាំ ព្រមទាំងកីឡាការិនី២រូបទៀតដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះជាមួយគ្នា»។

ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកីឡាការិនី៤រូប ដោយក្រៅពីវិញ្ញាសាវាយយកពិន្ទុដោយកីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស គឺកីឡាការិនីទាំងអស់ បានប្រកួតលើវិញ្ញាសា៣នាក់ទល់៣នាក់ ប៉ុន្តែមិនដណ្តើមបានមេដាយនោះទេ ដោយធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិទុយណេស៊ី។

សូមបញ្ជាក់ថា កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស១គ្រឿងពីការប្រកួតជើងឯកពិភពលោកកាលពីឆ្នាំ២០១៧ នៅប្រទេសបែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១ គឺជាមេដាយមាសទី៥របស់កម្ពុជាលើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីមេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥នៅថៃ ឆ្នាំ២០១៧នៅចិន និងឆ្នាំ២០១៩ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ៕

ដោយ ៖ សិលា


ចែករំលែក៖