កូរ៉េខាងត្បូងមានគម្រោងបើកកម្មវិធីទេសចរណ៍ទៅកាន់ភូមិ Panmumjom ស្ថិតនៅតំបន់គ្មានយោធា ជាប់ព្រំដែនប្រទេសកូរ៉េទាំងពីរ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា តាមគម្រោងរស់នៅជាមួយកូវីដ-១៩ និងនាំមកនូវជីវភាពរស់នៅធម្មតាវិញ។
នៅថ្ងៃទី១៨ខែវិច្ឆិកា មន្ត្រីទីបញ្ជាការអង្គការសហប្រជាជាតិ UNC ដឹកនាំដោយអាមេរិកបានប្រកាសថា ស្ថាប័ននេះមានគម្រោងតភ្ជាប់ដំណើរកម្សាន្តទៅកាន់ភូមិ Panmunjom ស្ថិតនៅព្រំដែនកូរ៉េទាំងពីរនាចុងខែនេះ ក្រោយរយៈពេលជាច្រើនខែបានផ្អាកដោយសារកូវីដ-១៩។
តាមការលើកឡើងរបស់ UNC នឹងចាប់ផ្តើមដំណើរការកម្មវិធីទៅកាន់តំបន់សន្តិសុខរួម ស្ថិតនៅតំបន់សគ្មានយោធា DMZ នៅក្នុងភូមិ Panmunjom ។ UNC នឹងពិភាក្សាស្តីពីការតភ្ជាប់ដំណើរកម្សាន្តជាមួយក្រសួងឯកភាពជាតិកូរ៉េខាងត្បូង។
ដំណើរកម្សាន្តទៅកាន់ភូមិ Panmunjom បានផ្អាកនៅខែកក្កដា ក្រោយពីកូរ៉េខាងត្បូងអនុវត្តការរឹតត្បិត និងគម្លាតសង្គម នៅទីក្រុងសេអ៊ូលដោយសារតែការឆ្លងរាលដាលកូវីដ-១៩ កើនឡើង។
ជាមួយគ្នានេះដែរ មន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានប្រកាសថា បានរកឃើញអ្នកឆ្លង COVID-19 បំបែកកំណត់ត្រាថ្មីដោយមានករណីឆ្លង ៣,២៩២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង KDCA កាលពីថ្ងៃ១៧ខែវិច្ឆិកាបានប្រកាសពីផែនការកាត់បន្ថយចន្លោះពេល នៃការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ពី៦ខែ មកនៅត្រឹម៤ខែវិញសម្រាប់មនុស្សមានវ័យចំណាស់ និងជនងាយរងគ្រោះ។ កូរ៉េខាងត្បូង បច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុប ៤០៦,០៦៥នាក់ ក្នុងនោះស្លាប់ ៣,១៨៧នាក់ និងជាសះស្បើយឡើងវិញ ៣៦៧,៥៧៨នាក់៕ ដោយ៖ធីរីណា
រូបថត៖Getty Images