ខេត្តប៉ៃលិន៖ នៅវេលាម៉ោង១៨និង០០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីហិង្សាមួយបានកើតឡើងរវាងបងប្អូនបង្កើតពីរនាក់នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យបុរសជាប្អូនរងរបួសបែកក្បាលផ្នែកខាងក្រោយ របួសថ្ងាស និងថ្ពាល់ខាងឆ្វេងដេរ៨ថ្នេរ។
បុរសជាប្អូនឈ្មោះ ឡោះ ម៉ាត់ខ្លឹង អាយុ ២០ឆ្នាំ មុខរបរជាងដែក សញ្ជាតិខ្មែរអ៊ិស្លាម រស់នៅភូមិ/ឃុំខាងលើ (បែកក្បាលផ្នែកខាងក្រោយ របួសថ្ងាស និងថ្ពាល់ខាងឆ្វេង ដេរ៨ថ្នេរ)។
ចំណែកបុរសជាបងដែលជាជនបង្កឈ្មោះ ឡោះ ម៉ាត់មីន អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ សញ្ជាតិខ្មែរអ៊ិស្លាម រស់នៅបន្ទប់ជួលជាមួយគ្នា បានគេចខ្លួនបាត់ក្រោយកើតហេតុ។
អំពីរឿងហេតុ: នៅវេលាម៉ោងប្រហែល ១៧:៥៥នាទី ជនបង្កបានអង្គុយផឹកស្រាម្នាក់ឯងក្នុងបន្ទប់ជួល ពេលនោះជនរងគ្រោះ(ជាប្អូន) បានត្រលប់មកពីធ្វើការវិញ។ ពេលឃើញប្អូនមកដល់ ជនបង្កក៏បានសុំលុយប្អូន តែប្អូនមិនឱ្យ ស្រាប់តែជនបង្កខឹងជាខ្លាំងបានស្ទុះទៅយកសោអក្សរTមកវាយចំក្បាលជនរងគ្រោះបណ្តាលឱ្យបែក និងបានវាយជាច្រើនកន្លែងទៀត រួចហើយបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ចំពោះករណីនេះជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដោយសំណូមពរដល់សមត្ថកិច្ចជំនាញមេត្តាអនុវត្តតាមនីតិវិធីច្បាប់។
បច្ចុប្បន្នកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលល្វា ធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនជនដៃដល់មកធ្វើការសាកសួរនិងចាត់ការទៅតាមច្បាប់៕
ដោយ៖ស សារ៉េត