ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិព្រមានពីការងើបឡើងវិញនៃក្រុមជ្រុលនិយម

ចែករំលែក៖

ឧបការីអង្គការសហប្រជាជាតិទទួលបន្ទុកអាហ្វហ្គានីស្ថាន លោកស្រី Deborah Lyons នៅថ្ងៃទី១៧ខែវិច្ឆិកាបានព្រមានថាអាហ្វហ្គានីស្ថាននឹងធ្លាក់ជ្រៅក្នុងវិបត្តិសេដ្ឋកិច្ច អាចធ្វើឲ្យក្រុមភេរវកម្ម កើនឡើងនៅក្នុងប្រទេសនេះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ លោកស្រី Deborah Lyons បញ្ជាក់ថា ស្ថានភាព សេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាន់តែអាក្រក់ ហើយអាចធ្វើឲ្យក្រុមជួញដូរគ្រឿងញៀន កើនឡើងនៅក្នុងប្រទេសនេះ។ ទន្ទឹមនឹងនោះក្រុមភេរវកម្ម ក៏នឹងងើបឡើងវិញផងដែរ ។
ជាមួយគ្នានេះដែរ ក្រុមតាលីបង់ក៏បានស្នើដល់ សភាអាមេរិក បញ្ចប់ការបង្កកទ្រព្យសម្បត្តិរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយអនុញ្ញាតឲ្យបើកប្រាក់ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត នៅថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលទីក្រុងម៉ូស្គូ នឹងជម្លៀសមនុស្ស ៣៨០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ សារព័ត៌មាន RIA បានផ្សាយដោយ ផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីនៃក្រសួងការពារជាតិរុស្ស៊ី ដែលបានបញ្ជាក់បន្ថែមថាមនុស្ស ៣៨០នាក់ដែលត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន ក្នុងនោះរួមមានពលរដ្ឋរុស្ស៊ី, បេឡារូស, កៀហ្ស៊ីស៊ីស្ថាន, អាមេនី, អ៊ុយក្រែន និងអាហ្វហ្គានីស្ថាន។
សារព័ត៌មានRIA បន្ថែមទៀតថាយន្ដហោះយោធារុស្ស៊ីធុន Il-76 ចំនួន៣គ្រឿងក៏នឹងដឹកជំនួយមនុស្សធម៌ ១០៨តោនទៅកាន់ទីក្រុងកាប៊ុលផងដែរ ហើយបន្ទាប់មកទើបជម្លៀស មនុស្សទាំងនេះចេញពីអាហ្វហ្គានីស្ថាន ទៅកាន់ប្រទេសរុស្ស៊ី៕

ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)


ចែករំលែក៖