ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ក្នុងនាមប្រធានគណៈកម្មាធិការជាតិ CAMSOC សូមសម្តែងនូវសេចក្តីរំភើបរីករាយដែលរាជរដ្ឋាភិបាលអនុញ្ញាតជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC នឹងដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចូលរួមមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ ហើយគ្រោងនឹងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅទីក្រុងឌូបៃ ប្រទេសរ៉ាប់អារួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា, ជាមួយគ្នានេះ ខ្ញុំពិតជាមានមោទនភាពចំពោះការរៀបចំព្រឹត្តិការណ៍រប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ ដែលមាន៤៥ប្រទេស ចូលរួមក្នុងឆ្នាំ២០២៩ នេះជាមហាកិត្តិយសដ៏ឧត្តុងឧត្តម្ភ សម្រាប់ប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ដែលជាការបន្តនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈវិស័យកីឡា ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
សូមរម្លឹកថា , កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនខ្លាំងលើវិស័យកីឡាលើឆាកអន្តរជាតិ ថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, កម្ពុជាពិតជាមោទនភាព និងអបអរសាទរចំពោះវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានយកឈ្នះ កីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។
សូមបញ្ជាក់ថា, មុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនី កាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនី ន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១៕
ដោយ ៖ សិលា