ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់ទ្រង់ទ្រាយធំ ៥០០ឆ្នាំទើបមានម្តងនៅអាមេរិកនិងកាណាដា(មានវីដេអូ)

ចែករំលែក៖

គ្រោះទឹកជំនន់៥០០ឆ្នាំទើបកើតមានម្តង និងការបាក់ដីបានបំផ្លាញតំបន់ភាគខាងលិចប្រទេសកាណាដានិងអាមេរិក ។គ្រោះទឹកជំនន់កើតឡើងក្រោយប៉ុន្មានខែដែលតំបន់នោះរងការវាយប្រហារដោយរលកកម្តៅជាទ្រង់ទ្រាយធំមិនធ្លាប់មាន។
សារព័ត៌មាន The Guardian បានផ្សាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ក្នុងខេត្ត British Columbia ក្នុងប្រទេសកាណាដានិង រដ្ឋវ៉ាស៊ីនតោននៅអាមេរិក ក្នុងរយៈពេលពីថ្ងៃទី១៣ដល់ថ្ងៃទី ១៥ខែវិច្ឆិកា។
ព្យុះភ្លៀង និងទឹកជំនន់បានវាយប្រហារទីក្រុង Abbotsford នៃខេត្ត British Columbia របស់កាណាដាយ៉ាងដំណំតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីតំបន់ភាគខាងលិចនៃប្រទេសអាមេរិកខាងជើងមួយនេះ បានប្រកាសអាសន្ន។
ព្យុះភ្លៀង និងទឹកជំនន់បានវាយប្រហារយ៉ាងដំណំនៅតំបន់ភាគខាងលិចកាណាដាខាងលើនេះកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ហើយស្ត្រីម្នាក់បានបាត់បង់ជីវិតដោយសារលង់ទឹក ខណៈលំនៅឋាន អគារពាណិជ្ជកម្ម ផ្លូវថ្នល់ មន្ទីរពេទ្យ កសិដ្ឋានចិញ្ចឹមសត្វ និងចម្ការដំណាំនានា ត្រូវបានលិចលង់ក្នុងទឹកជំនន់។ អាជ្ញាធរក្នុងខេត្ត British Columbia បាននិងកំពុងព្យាយាមស្រោចស្រង់ស្ថានការណ៍ និងជម្លៀសពលរដ្ឋដែលងាយរងគ្រោះ ទៅកាន់ទីជម្រកបណ្តោះអាសន្ន ព្រមទាំងស្តារផ្លូវសំខាន់ៗឱ្យអាចធ្វើចរាចរណ៍ឡើងវិញបាន។
សត្វពាហនៈរាប់ពាន់ក្បាល ក៏បានងាប់ផងដែរនៅពេលទឹកជន់លិចកសិដ្ឋាន ហើយរាប់ពាន់ក្បាលទៀត នឹងប្រឈមមុខការខ្វះខាតចំណី ខណៈទឹកជំនន់ត្រូវបានអាជ្ញាធរខេត្ត British Columbia អះអាងថា នឹងបន្តអូសបន្លាយរយៈពេលពីរទៅបីថ្ងៃទៀត គិតចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកានេះតទៅ (ពេលវេលានៅភាគខាងលិចកាណាដា)។ ទីក្រុង Abbotsford បាននិងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ព្រោះតែស្ថិតនៅក្នុងតំបន់ប្រជុំភ្នំ៕

ដោយ៖ធីរីណា(រូបថត៖AFP+British Columbia)


ចែករំលែក៖