ព័ត៌មានទាន់ហេតុការណ៍៖

ផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ឈានទៅដល់ការឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានមនុស្សជាច្រើននាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនក្រោយពីមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង។

   គួររំលឹកថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០ នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូ ហើយភ្លាមៗនោះកម្លាំងជំនាញផ្នែកចរាចរណ៍ បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការដោះស្រាយតាមនីតិវិធី និងឈានរហូតដល់ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ហើយជាលទ្ធផលបញ្ជាក់ថា ជនសង្ស័យម្នាក់នោះ វិជ្ជមាន(មានសារធាតុញៀននៅក្នុងខ្លួន)។ពេលនោះសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍បានរាយការណ៍ជូនទៅកម្លាំងជំនាញខាងគ្រឿងញៀន ហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អំ សឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិអំពិលក្រញាញ់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

  សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនរួចមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនយកមកប្រើប្រាស់នោះគឺខ្លួនទិញពីអ្នកលក់ថ្នាំញៀនម្នាក់។

  ក្រោយពីទទួលបានចម្លើយរបស់ជនសង្ស័យខាងលើហើយសមត្ថកិច្ចជំនាញបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់បន្ថែមទៀត និងធ្វើការដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់  និងទូរស័ព្ទដៃចំនួន១១គ្រឿង ។

   រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង៥០នាទីនៅចំណុចផ្ទះសំណាក់អិលវី ស្ថិតនៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើដដែលសមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ទៀតក្នុងនោះក៏មានស្រី១នាក់ដែរ៖

១.ឈ្មោះ ថន សុខា  ហៅង៉ោល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

២.ឈ្មោះ ស៊ាន សូរិយា  ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន មានទីលំនៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

៣.ឈ្មោះ អុីន ម៉េងគាង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

៤.ឈ្មោះ នី សុីទាន ហៅទីន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

៥.ឈ្មោះ ខឿន ឡៃឈង់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

   វត្ថុតាងដកហូតមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន៧កញ្ចប់និងទូរស័ព្ទដៃចំនួន៧គ្រឿង ។

   បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖