ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន !

ចែករំលែក៖

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃសៅរ៍១រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទី នៅចំណុចលើផ្លូវលំភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់អោយដឹងថា, ជនសង្ស័យឈ្មោះ ឡេង ម៉េងលាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបន្តថា, វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច និងដែកកេះចំនួន០១ ពណ៌បៃតង។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងទៀតថា , នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ កំពុងចុះល្បាតការពារសន្ដិសុខក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ស្ថិតក្នុងភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល បានជួបប្រទះ នឹងជនសង្ស័យ រួចក៏សុំធ្វើការត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមព៌ណសថ្លា សង្ស័យថាជាសរធាតុញៀន ប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់តូច និងដែកកេះចំនួន០១ នៅក្បែរខ្លួនជនសង្ស័យ (ឃើញជនសង្ស័យបោះចោល) បន្ទាប់មកបាននាំជនសង្ស័យ រួមនិងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ ឈ្មោះ ឡេង ម៉េងលាង បានទទួលស្គាល់ថា គ្រឿងញៀននេះពិតជារបស់ខ្លួនពិតមែន ដែលខ្លួនបានទិញចំនួន០១កញ្ចប់តូច តម្លៃ២០,០០០រៀល ពីបុរសមិនស្គាល់ឈ្មោះនៅម្ដុំឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

 បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ជនសង្ស័យត្រូវបានសមត្ថកិច្ចពិនិត្យសំណាកកូវីដ-១៩  លទ្ធផល អវិជ្ជមាន។

សូមបងប្អូនជៀសឱ្យ ឆ្ងាយពីគ្រឿងញៀន បំផ្លាញខ្លួនឯង ប៉ះពាល់ដល់សង្គម អ្នកដទៃ បាត់បង់អនាគត ៕

ដោយ ៖ សិលា


ចែករំលែក៖