ខេត្តកំពង់ឆ្នាំង៖ អ្នកទេសចរណ៍ ប្រមាណជាង១ម៉ឺន៣ពាន់នាក់មកពីបណ្តាគ្រប់ទិសទី បានមកលេងកំសាន្ត ទីរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអកអំបុកសំពះខែ និង បណ្តែតប្រទីប ក្នុងរយៈពេល៣ថ្ងៃ នេះបើតាមការបញ្ជាក់របស់ លោក នូ ផល្គុនអនុប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
លោកនូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ប្រាប់ឱ្យដឹងថា នៅក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញនេះ ស្របពេលនិងព្រះរាជពិធីបុណ្យអកអំបុកសំពះខែ និង បណ្តែតប្រទីប ដែលជាថ្ងៃឈប់សំរាក ក្នុងរយៈពេល៣ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានទទួលភ្ញៀវទេសចរណ៍ចំនួន១៣.៨៩២នាក់ មកលេងកំសាន្តនិងទស្សនា ដែលភ្ញៀវទេសចរណ៍បាន អញ្ជើញទៅលេងតំបន់រមណីយដ្ឋានទេចរណ៍ធម្មជាតិ ដូចជានៅតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល និងមួយចំនួនទៀតទស្សនាជិះទូកកំសាន្តតាមដងទន្លេសាប ។
លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងទៀតថា ដើម្បីធានាបាននូវសុវត្ថិភាពភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្ត នៅតាមតំបន់ទេសចរណ៍នីមួយៗ បានពង្រឹងការអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លង ប្រក្រតីភាពថ្មី បានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការអនុវត្តន៍មួយចំនួន ឆ្លើយតបទៅ នឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន ។
នៅខេត្តកំពង់ឆ្នាំងមានសក្តានុពលទេសចរណ៍ចំនួនពីរបែប ទីមួយសក្តានុពលទេសចរណ៍តាម បែបធម្មជាតិ។ទីពីរ សក្តានុពលទេសចរណ៍តាមបែបវប្បធម៌ ប្រវត្តិសាស្ត្រ ។ សក្តានុពលទេសចរណ៍ទាំងពីរបែបនេះកំពុងទាក់ទាញភ្ញៀវទេសចរជាបណ្តើរៗនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត។ពោលគឺតាមការអភិវឌ្ឍ និងការទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេសមកទស្សនា និងស្នាក់នៅក្នុងខេត្តនេះ ៕
ដោយ ៖ ចន្ថា