ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី CIA អាមេរិកទៅកាន់ប្រទេសថៃដើម្បីពិភាក្សាពីស្ថានភាពនៅមីយ៉ាន់ម៉ា

ចែករំលែក៖

នាយករងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មជ្ឈិមអាមេរិក (CIA) លោក David Cohen បានជួបប្រជុំជាសម្ងាត់ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha នៅទីក្រុងបាងកក ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន រួមមានសន្តិសុខ នៅមីយ៉ាន់ម៉ា និងការផ្តល់ជំនួយមនុស្សធម៌របស់ថៃទៅលើប្រទេសអាស៊ានមួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថានៅក្នុងជំនួបដែលមិនបានប្រកាសជាមុនរវាងនាយករដ្ឋមន្ត្រីថៃ នឹង នាយករងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅទីស្នាក់ការនាយករដ្ឋមន្ត្រីថៃនាថ្ងៃទី ១៩ខែវិច្ឆិកា ។ អ្នកសារព័ត៌មានមិនអនុញ្ញាតឱ្យចូលរួមឬផ្សព្វផ្សាយ នោះឡើយ។ កិច្ចពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខក្នុងតំបន់ និងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការផ្តល់ជំនួយរបស់ថៃទៅលើប្រទេសនេះ។
កិច្ចពិភាក្សាក៏បានផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ចផងដែរ និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក នឹងថៃ។ ជាមួយគ្នានេះអាមេរិកបានសន្យាជួយដល់ថៃធ្វើជាប្រធាន APEC នៅឆ្នាំ២០២២។
ក្រោយបំពេញទស្សនកិច្ចនៅប្រទេសថៃរួចមក នាយករងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មជ្ឈិមអាមេរិកបានបន្តទៅកាន់ប្រទេសពីរផ្សេងទៀតនៅក្នុងតំបន់អាសុីអាគ្នេយ៍ ប៉ុន្តែមិនបានបញ្ជាក់ថាជាប្រទេសណានោះឡើយ ៕ ដោយ៖ធីរីណា

រូបថត៖Bangkok Post.

 


ចែករំលែក៖