ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីកូរ៉េខាងត្បូង Chun Doo-hwan ទទួលមរណភាពក្នុងជន្មាយុ៩០ឆ្នាំ

ចែករំលែក៖

នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Chun Doo- hwan បានទទួលមរណភាពនៅផ្ទះក្នុងសង្កាត់ Yeonhui ខណ្ឌ Sodaemun ទីក្រុងសេអ៊ូល ក្នុងជន្មាយុ៩០ឆ្នាំ ។
សារព័ត៌មានយ៉ុនហាប់បានផ្សាយថា លោក Chun Doo-hwan មានជំងឺមហារីកឈាមម្យ៉ាងឈ្មោះថា មីយេឡូម៉ា (myeloma) ហើយលោកបានស្លាប់នៅឯផ្ទះរបស់ លោកក្នុងទីក្រុងសេអ៊ូល។ លោក Chun ដែលធ្លាប់ជាមេបញ្ជាការយោធាកូរ៉េខាងត្បូងម្នាក់ផងនោះ ត្រូវបានគេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាល ក្រុមបាតុករប្រឆាំងនឹងការធ្វើរដ្ឋប្រហារនៅក្នុងទីក្រុង Gwangju និងត្រូវបានកាត់ទោសប្រហារជីវិត។
ប៉ុន្តែ ក្រោយមកទោសរបស់លោកត្រូវបានគេបន្ធូរបន្ថយដោយសារតែតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល ទទួលស្គាល់ថាលោក Chun បានចូលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងត្បូងមានភាពរីកចម្រើន និងផ្ទេរអំណាចដោយសន្តិវិធីកាលពីឆ្នាំ១៩៨៨។ រហូតដល់ឆ្នាំ១៩៩៧ ទើបលោកទទួលបានការលើកលែងទោស និងដោះលែងចេញពីពន្ធនាគារ ដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម យ៉ុង សាម (Kim Young-sam) ដែលបានហៅការដោះលែងនេះថាជាកិច្ចខិតខំប្រឹងប្រែងលើកម្ពស់ឯកភាពជាតិ។
លោក Chun Doo-hwan កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៣១ នៅក្នុងទីក្រុង យ៉ុលហ្គុក មីយ៉ន (Yulgok-myeon) ស្ថិតនៅភាគខាងត្បូងទីក្រុង ហាប់ឈុន(Hapcheon) ពោលគឺអំឡុងពេលដែលកូរ៉េស្ថិតនៅក្រោមការត្រួតត្រារបស់ជប៉ុន៕

ដោយ៖ធីរីណា(រូបថត៖Reuters)


ចែករំលែក៖